(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ត្រូវចងចាំជានិច្ច ថ្ងៃរំដោះ ៧ មករា ហើយសត្រូវរបស់ថ្ងៃ ៧ មករា គឺមានតែមួយប៉ុណ្ណោះ គឺរបប ប៉ុល ពត។
បន្ថែមលើសពីនោះទៅទៀត ទេសរដ្ឋមន្ត្រី មាស សុភា បានបន្ដថា បើយើងបានផឹកទឹក យើងត្រូវតែចេះនឹកដល់ប្រភពនៃទឹកនោះ ដូច្នេះប្រសិនបើគ្មានថ្ងៃ ៧ មករា គ្មានការប្តូរផ្តាច់តស៊ូ ជាកម្លាំងសាមគ្គីក្រោមការដឹកនាំរបស់សម្តេចទាំង៣ ក្នុងការផ្តូលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ គឺយើងពិតជាគ្មានអ្វីៗ ដូចសព្វថ្ងៃនេះឡើយ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែក្បួនព្យុះហយាត្រា អបអរសាទរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៣,០០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណមជ្ឈមណ្ឌលកីឡាខេត្ត។
ក្នុងពិធីដ៍មហោឡារឹកនោះ ក៏មានការដើរជាក្បួនព្យុះហយាត្រា ចំនួន១៨ក្បួន យ៉ាងស្វាហាប់ និងទឹកមុខញញឹមមុះមុត ដើម្បីចូលរួមរំលឹកឡើងវិញ ការចង់ចាំនៃស្មារតី ៧មករា ដែលជាជ័យជម្នះ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារជាប់ក្នុងចិត្តនោះ។
សុន្ទរកថា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ទាំងស្រុងចំនួន១១ទំព័រ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាបានធ្វើឲ្យយើងបាននឹកឃើញ នូវរបបខោរឃៅនោះ ដោយមិនអាចគ្មានថ្ងៃបំភ្លេចបាន។
ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា អត្ថន័យនៅក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបប្រល័យពូជសាសន៍ លើកបង្ហាញពីការតស៊ូពលីកម្ម សព្វបែបយ៉ាង របស់យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានលើកបញ្ជាក់ ឲ្យឃើញពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួច ក្នុងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋខ្មែរយើងគ្រប់ៗរូប ត្រូវចងចាំជានិច្ចថ្ងៃរំដោះ៧មករា បើគ្មានថ្ងៃរំដោះ៧មករាយើង ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ ដោយសារកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំ របស់សម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស ចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប៕