(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអប់រំបច្ចេកទេស១ខ្នង តម្លៃជាង៦០០លានរៀល នៅវិទ្យាល័យថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបន្តជួបសំណេះសំណេះជាមួយប្រជាពលរដ្ឋជាង១២០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា «កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសន្តិសុខ សន្តិភាព និងស្ថេរភាពនយោបាយ ជាឱកាសមាស ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធិផលយ៉ាងធំធេង ដោយប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ លើពិភពលោកដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង១ឆ្នាំ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាលំដាប់កំណើនចំណូលមធ្យមសម្រាប់ម្នាក់ៗ ប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់១៥៦៣ដុល្លារ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ អត្រាភាពក្រីក្របានធ្លាក់ចុះប្រមាណ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣,៥% នៅឆ្នាំ២០១៤ និងបន្តថយចុះមកនៅរង្វង់១០% នាបច្ចុប្បន្ន។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាសម្ភារ និងថវិកាចែកជូនមាន៖
*ទី១៖ លោកគ្រូ អ្នកគ្រូចំនួនជាង៦០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល
*ទី២៖ ប្រជាពលរដ្ឋចំនួន៥០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១
*ទី៣៖ សិស្សានុសិស្សចំនួន៥០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ សារ៉ុង ថវិកា៥ពាន់រៀល
*ទី៤៖ ជូនវិទ្យាល័យថ្មពួកថវិកា១លានរៀល។
ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបំពាក់នៅគ្រឿងឥស្សរិយយសជូនដល់សប្បុរសជនជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ខេត្តបន្ទាយមានជ័យផងដែរ៕