(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានសហការជាមួយយោធាកងវរសេនាតូចលេខ២ បានចុះពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាម តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផល នៃការធ្វើតេស្ដជាបឋមលើទំនិញ៣៣គំរូ ដែលផ្តោតសំខាន់លើចំណីអាហារនោះ ក្រុមការងារបានដកហូតពងមាន់៩០០គ្រាប់ សាច់មាន់២០គីឡូ និងរកឃើញស្នូលសណ្តែកដែលមានសារធាតុគីមីបូរ៉ាក់ផងដែរ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា «ជាលទ្ធផលក្រោយចុះអនុវត្តការងារ មន្ត្រីជំនាញយើង បានដកហូតនំស្នូលសណ្តែកបន្ទះចំនួន ៣គីឡក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដកហូតពងមាន់ចំនួន៩០០គ្រាប់ សាច់មាន់ចំនួន ២០គីឡូក្រាម ដែលច្បាប់ហាមឃាត់ ហើយទំនិញទាំងនោះមន្ត្រីយើងធ្វើការកម្ទេចចចោលភ្លាមៗផងដែរ»។
លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា សារធាតុបូរ៉ាក់នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា៖ ខូចក្រពះពោះវៀន, ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាម តាមរោមយ៉ាងធ្ងន់ធ្ងរទៀតផងដែរ។
ជាមួយគ្នានោះ លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕