(កំពង់ធំ)៖ ម្សៅស៊ុបម៉ាករ៉តឌី និងប្រហិតសាច់មាន់ខូចគុណភាព ត្រូវបានរកឃើញក្រុមអាជីវករយកដាក់លក់នៅផ្សារតាំងក្រសាំង ដែលផលិតទាំងនេះ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង តែត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ចុះទៅប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញម្សៅស៊ុបម៉ាករ៉តឌី និងប្រហិតសាច់មាន់ទាំងនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ពេលមន្រ្តីសាខាកាំកុងត្រូលសហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ ម្សៅស៊ុប ម៉ាករ៉តឌី ចំនួន១៧កញ្ចប់ ផលិតនៅប្រទេសកម្ពុជា និងប្រហិតសាច់មាន់ ម៉ាក Super Chef ទម្ងន់៣,៨គីឡូក្រាម ផលិតនៅប្រទេសកម្ពុជា។
ក្រុមការងារបានធ្វើតេស្តលើណែម ដើម្បីរកសារធាតុបូរ៉ាក់ តែជាលទ្ធផល មិនមានសារធាតុ បូរ៉ាក់ នៅក្នុងណែមនោះឡើយ។ យ៉ាងណាមិញ ក្រុមការងារជំនាញក៏បានស្វែងរកផលិតផលតៅហ៊ូ ពងមាន់, តៅហ៊ូមូល,តៅហ៊ូប្រអប់ ប៉ុន្តែពុំមានឃើញលក់នៅលើទីផ្សារទេ។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព៕