(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នអះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅទីស្នាក់ការគណបក្សប្រជាជជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល ដែលមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១២៥០នាក់។
ក្រោយពីបានស្តាប់នូវខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជម្នះ ៧ មករា និងលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោក លឹម គានហោ អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ ៧ មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជន មានជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។
ជាមួយគ្នានេះដែរ ថ្នាក់នាំគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួម នៅក្នុងកម្មវិធីនាព្រឹកនេះ បានប្តេជ្ញាចិត្តជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព សម្រាប់បន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងដោយចីរភាពផងដែរ៕