(កំពង់ធំ)៖ ដោយមើលឃើញពីសកម្មភាពដ៏មមាញឹករបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការងារមនុស្សធម៌លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ឡាយ ស៊ា អគ្គនាយកក្រុមហ៊ុន ម៉ែន សារុន គ្រុប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះឧបត្ថម្ភស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ សម្រាប់ដោះស្រាយជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត និងប្រជាពលរដ្ឋទីទ័លក្រ នៅក្នុងខេត្តកំពង់ធំ ដែលនេះជាលើកទី៤ហើយ ដែលអ្នកឧកញ៉ាបានផ្ដល់ជូន។
ដោយឡែកលោក យន្ត មីន ដែលជាអតីតមិត្តរួមជំនាន់ក្នុងថ្នាក់ នាយទាហានមធ្យមសិក្សាជាន់ខ្ពស់ជំនាន់ទី៥ នៃកងយោធពលខេមរភូមិន្ទ និងធ្លាប់ធ្វើជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងដូចគ្នា ដែលធ្លាប់បានដឹងពីស្ថានភាពលំបាកខ្វះខាត ក៏បានជួយឧបត្ថម្ភ កៅអីជ័រ ចំនួន៣០០កៅអី ស្មើនឹងទឹកប្រាក់ចំនួន១,២០០ដុល្លារ ផ្តល់ជូនអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗ តាមការសំណូមពរពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផងដែរ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តយកនូវអំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ដើម្បីទៅបម្រើសេចក្តី ត្រូវការរបស់ប្រជាជន អតីតយុទ្ធជន និងការប្រើប្រាស់ក្នុងអង្គភាព ឱ្យបានល្អប្រសើរ។
ក្នុងការងារមនុស្សធម៌នេះដែរ អ្នកឧកញ៉ា ឡាយ ស៊ា បានឧបត្ថម្ភអង្ករចំនួន០២តោន, មីយើងចំនួន១០០កេស និងកៅអីជ័រ ចំនួន៣០០ កៅអីបន្ថែមទៀតផងដែរ៕