(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីរំលឹកខួបលើកទី៤០ ថ្ងៃជ័យជម្នះ ៧ មករា ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៣,០០០នាក់។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ នៅទីលានបាល់ទាត់របស់សាលាខេត្តកំពង់ស្ពឺ។
សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា បានធ្វើយ៉ាងមហោឡារឹកអធិកអធម នៅពហុកីឡដ្ឋានអូឡាំពិកជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជន ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជា៖ ការឈរតម្រៀបគ្នា ចេញជារូបទង់ជាតិរបស់កម្ពុជា ការតម្រៀបចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។
ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធផលនានា កើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជាង៣លាននាក់។ ៧មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕