(ព្រះវិហារ)៖ ការប្រកួតកីឡាមហាជន ដោយមានកីឡាករចំនួន១៨ក្រុម មកពីបណ្តាឃុំទូទាំងស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានរៀបចំឡើង និងធ្វើការប្រកួតវិលជុំមានរយៈពេល៨ថ្ងៃ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ៧មករា។
នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា ប្រធានក្រុមការងារខេត្តចុះជួយស្រុករវៀង បានលើកឡើងថា ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតធ្វើជាដើមទុន បានធ្វើការរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យផុតពីរបបប្រលយ័ពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ, បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេនោះ យើងក៏គ្មានថ្ងៃនេះដែរ។
លោក ពឹង ទ្រីដា បានលើកឡើងបែបនេះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី បិទការប្រកួតកីឡាមហាជន របស់សិស្សអនុវិទ្យាលយ័ វិទ្យាលយ័ទូទាំងស្រុករវៀង។
លោកបានលើកឡើងថា ថ្ងៃនេះកាលពី៤០ឆ្នាំមុន ប្រទេសកម្ពុជារបស់យើង បានឆ្លងកាត់នូវរបបមហាឃោរឃៅប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ៣លាននាក់ បានស្លាប់បាត់បង់ជីវិត តាមរូបភាពផ្សេងៗ យ៉ាងអយុត្តិធម៌ជាទីបំផុត។
ជាមួយគ្នានោះ លោក ពឹង ទ្រីដា បានថ្លែងប្រាប់ឲ្យយុវជនគ្រប់រូប ត្រូវមានការចងចាំជានិច្ចចំពោះថ្ងៃ៧មករា ព្រោះជាថ្ងៃកំណើតទី២ ដែលយើងមានជីវិតរស់រាន មកដល់ពេលនេះ ហើយបើគ្មានថ្ងៃ ៧ មករា ទេ យើងក៏គ្មានអ្វីៗដូចពេលនេះ ហើយក៏មិនបានជួបជុំគ្នាប្រារព្វពិធីនេះដែរ។
សូមបញ្ជាក់ថា ចំពោះជ័យលាភីលេខ១ ទទួលបាន ពាន១ និងថវិការលើកទឹកចិត្ត៥០ម៉ឺនរៀល។ ជាមួយគ្នានោះ លោក ពឹង ទ្រីដា បានឧបត្ថម្ភកីឡាករទាំង១៨ក្រុម ជាការលើកទឹកចិត្ត ក្នុង១ក្រុមចំនួន ៥០ម៉ឺនរៀល គណៈកម្មកាធិការ៤០ម៉ឺនរៀល ទិញម៉ាស៊ីនរោយកំបោរ៤០ម៉ឺនរៀល សរុបថវិកា១,៧០០,០០០រៀល និងបានផ្តល់បាល់ និងបណ្ណ័សរសើរផងដែរ៕