Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលបង្ក្រាបគ្រឿងញៀនបានជិត៦,៨០០ករណី ឃាត់ខ្លួនជនសង្ស័យ១៣,៣៩៧នាក់ និងរឹបអូសថ្នាំជាង៥០០គីឡូក្រាម នៅឆ្នាំ២០១៨

10-01-2019 09:19

(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការតស៊ូបង្ក្រាបគ្រឿងញៀន របស់កម្លាំងនគរបាលជាតិក្នុងឆ្នាំ២០១៨ បង្ក្រាបបាន ៦,៧៩២ករណី ឃាត់ខ្លួនជនល្មើស ១៣,៣៨៧នាក់ (ស្រី១,០១១នាក់) និងអនុវត្តតាមដីកាឃាត់ខ្លួន២១៧នាក់ (ស្រី៩នាក់)។

នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងប្រតិបតិ្តការពេញមួយឆ្នាំនេះ កម្លាំងនគរបាលទូទាំងប្រទេសរឹបអូសគ្រឿងញៀនចំនួន ៥០៨គីឡូក្រាម ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន១,០១៧ករណី ឃាត់ខ្លួនជនល្មើស១,៧២៥នាក់ ស្រី២១៨នាក់ ដោយរឹបអូសថ្នាំញៀន បានចំនួន១៥៨គីឡូក្រាម។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីរួមគ្នាបង្ការ គ្រប់គ្រង និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដាទីតាំងកម្សាន្ដផ្សេងផងដែរ។

បន្ថែមពីនេះ មន្ដ្រីជំនាញក៏បានចុះស្រង់តាមបណ្ដាគោលដៅងាយរងគ្រោះ បទល្មើសគ្រឿងញៀន សរុបចំនួន២៩៩៧ទីតាំង ក្នុងបានធ្វើកិច្ចសន្យារួមចំនួន៩៧២ទីតាំង មិនទាន់ធ្វើកិច្ចសន្យា២០២៥ទីតាំង៕