(កូរ៉េ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានបន្តដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ មកសិក្សាស្វែងយល់ និងដកស្រង់នូវបទពិសោធន៍នៃការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ក្នុងគោលដៅដើម្បីបន្តកែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធពន្ធដារកម្ពុជា ឱ្យស្របតាមការវិវត្តនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជានិន្នាការថ្មីរបស់តំបន់និងសកលលោក ក្នុងន័យអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូល RMS 2019-2023 របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងន័យធ្វើឱ្យប្រព័ន្ធពន្ធដារមួយកាន់តែសាមញ្ញនិងងាយស្រួលក្នុងការបង់ពន្ធ ប្រកបដោយតម្លាភាព ក៏ប៉ុន្តែលំបាកក្នុងការគេចវេះ។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ចប់នូវការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល (RMS 2014-2018) ដោយសម្រេចបាននូវភាពជោគជ័យនៃការធ្វើកំណែទម្រង់និងទំនើបកម្មពន្ធដារ ដែលក្នុងនោះក្នុងរយៈពេល ០៦ឆ្នាំចុងក្រោយនេះ គឺលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនិងអាករគ្រប់ប្រភេទតែងតែសម្រេចបានគ្រប់ និងលើសផែនការច្បាប់កំណត់។
ក្នុងឱកាសចុះសិក្សាស្វែងយល់នោះ រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងអាករលើតម្លៃបន្ថែម និងការបង្វិលសងអាករលើតម្លៃបន្ថែម (VAT-Refund) ការរៀបចំប្រព័ន្ធពន្ធដារ NTS-IS (National Tax Service Information System) និងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់គាំទ្រដល់ការអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងប្រមូលពន្ធ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារ (Taxation Infrastructure) ដែលជាមូលដ្ឋាននិងឆ្អឹងខ្នងដ៏សំខាន់ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការទប់ស្កាត់នូវការគេចវេះបន្លំពន្ធ ព្រមទាំងពង្រឹងតម្លាភាពក្នុងការបង់ពន្ធនិងរក្សាបាននូវការប្រកួតប្រជែងដោយស្មើភាព។
បន្ថែមពីនេះទៀត រដ្ឋបាលសារពើពន្ធកូរ៉េបានបញ្ជាក់ទៀតថា មូលដ្ឋានសំខាន់មួយទៀតនោះគឺ ការតភ្ជាប់ប្រព័ន្ធទិន្នន័យពីស្ថាប័ន និងគ្រឹះស្ថានពាក់ព័ន្ធ ក្នុងការចែករំលែកទិន្នន័យទាន់ពេលវេលា និងបច្ចុប្បន្នភាព (Real Time data sharing) មកកាន់រដ្ឋបាលសារពើពន្ធ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញអំពីការកែទម្រង់លើការគ្រប់គ្រងការបង្វិលសងអាការលើតម្លៃបន្ថែម VAT-Refund និង E-refund របស់កម្ពុជា ហើយទទួលបានការគាំទ្រ និងជំរុញលើកទឹកចិត្តលើការងារកំណែទម្រង់នេះ ហើយបញ្ជាក់ថាអ្វីដែលអគ្គនាយកដ្ឋានពន្ធដារកំពុងធ្វើគឺកំពុងស្ថិតក្នុងមាគ៌ា ការវិវត្តនៃប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងនិន្នាការវិវត្ត របស់ពន្ធដារសាកលលោក។
ក្នុងឱកាសថ្ងៃនេះដែរ លោក គង់ វិបុល និងគណៈប្រតិភូ បានទៅធ្វើទស្សនកិច្ចបន្ថែមទៀត នៅ National Tax Service Post Center របស់រដ្ឋបាលសារពើពន្ធកូរ៉េ ពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធបណ្តាញប្រព័ន្ធពន្ធដារ មកកាន់សេវាជួរមុខផ្នែកប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងការងារលិខិតស្នាមនានា ជាពិសេសជាមួយក្រុមហ៊ុន សហគ្រាស និងអ្នកជាប់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ ជាកិច្ចបញ្ចប់ ភាគីទាំងពីបានឯកភាពគ្នា ក្នុងការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគី និងបន្តអនុវត្តឱ្យបានពេញលេញនូវ អនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងផ្តល់សេវាជូនអ្នកជាប់ពន្ធ ដើម្បីឱ្យកាន់តែស្វែងយល់ ច្បាស់បន្ថែមទៀតអំពីប្រព័ន្ធពន្ធដារកម្ពុជា ក្នុងគោលដៅពង្រឹងអនុលោមភាពពន្ធ និងផ្តល់នូវយន្តការសម្រាប់ដោះស្រាយនូវបញ្ហាប្រឈមផ្នែកពន្ធដារនានា ជាពិសេស បង្កបរិយាកាសពន្ធដារមួយដែលទំនើប ងាយស្រួលក្នុងការបង់ពន្ធ និងល្អប្រសើរសម្រាប់ការប្រកួតប្រជែងដោយស្មើរភាព ដែលផ្តល់ឱកាសនិងជំរុញការវិនិយោគនៅកម្ពុជា៕