(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា បើគិតពីទំហំពាណិជ្ជកម្មរវាង ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជារយៈពេល១០ឆ្នាំមកនេះបានកើនឡើងប្រមាណ១០ភាគរយ និង ដោយឡែកបើគេគិតពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីអំឡុងឆ្នាំ២០១៨កន្លងមកនេះ មានទំហំទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិក។
លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរវាងក្រុមហ៊ុន Dexa Group និងក្រុមហ៊ុន Dynamic Argon ដែលជាក្រុមហ៊ុនលក់ឱសថរបស់ប្រទេសឥណ្ឌូនិងកម្ពុជារួមសហការគ្នាបង្កើតជាក្រុមហ៊ុន Dynamic Argon Co., Ltd. ឌីណាម៉ិច អាហ្គន ឯ.ក សម្រាប់ចែកចាយលក់ឱសថនៅកម្ពុជានាថ្ងៃទី៩ខែមករាឆ្នាំ២០១៩នេះ។
លោកSudirman Haseng ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានឱ្យដឹងថានាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានសក្តានុពលលើការវិនិយោគច្រើនវិស័យហើយក្នុងចំណោមនោះវិស័យដែលល្អប្រសើរជាងគេគឺវិស័យស្សាហកម្មនិងវិស័យកសិកម្ម។ជាមួយគ្នាលោកចង់ឱ្យជនជាតិឥណ្ឌូនេស៊ីធ្វើការវិនិយោគលើវិស័យទាំងពីរនេះឱ្យកាន់តែច្រើនឡើង។
លោកថា ពីមួយថ្ងៃទៅមួយថ្ងៃទំហំពាណិជ្ជកម្មនិងពលរដ្ឋប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ ហើយពិសេសប្រទេសទាំងពីរក៏បានលើកទឹកចិត្តឱ្យមានការបណ្តាក់ទុនចំពោះគ្នាច្រើនឡើងដែរ ។ ជាក់ស្តែងនាពេលនេះក្រុមហ៊ុនឥណ្ឌូនេស៊ីនិងកម្ពុជារួមគ្នាបង្កើតក្រុមហ៊ុនឌីណាម៉េចអាហ្គេននេះឡើងជាដើម។
បញ្ជាក់ក្នុងពិធីនេះដែរ លោក Hendarto នាយកក្រុមហ៊ុន Dynamic Argon បានឱ្យដឹងថាការចាប់ដៃគូររួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះលោករំពឹងថាការលក់ឱសថនឹងកាន់តែប្រសើរឡើង។ជាមួយគ្នាឆ្លងតាមបទពិសោធន៍១៩ ឆ្នាំ របស់ Dexa នៅក្នុងប្រទេសកម្ពុជាលោកសង្ឃឹមថាការចែកចាយឱសថទំនើបដែលមានស្តង់ដារអន្តរជាតិដើម្បីបំពេញតម្រូវការវេជ្ជសាស្រ្តរបស់ពលរដ្ឋកម្ពុជា។
លោកថាក្នុងនាមជាជនជាតិឥណ្ឌូនេស៊ីលោកមានមោទនភាពចំពោះការពង្រីកក្រុមហ៊ុន Dexa Group នៅលើទីផ្សារអន្តរជាតិជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនឱសថដ៏ល្បីល្បាញនិងធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី Dexa Group តែងតែបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវគុណតម្លៃបន្ថែមទៀតសម្រាប់អត្ថប្រយោជន៍របស់អតិថិជនដៃគូអាជីវកម្មនិងអ្នកពាក់ព័ន្ធ។ជាមួយគ្នានៅថ្ងៃខាងមុខក្រុមហ៊ុននឹងមានគម្រោងបង្កើរោងចក្រឱសថនៅកម្ពុជាផងដែរ។
ដោយឡែកលោកថមគីមសុននាយកប្រតិបត្តិរបស់ក្រុមហ៊ុនឌីណាម៉ិច អាហ្គន ឯ.កបានឱ្យដឹងដែរឱសថដែលនាំមកចែកចាយលក់តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះជាប្រភេទឱសថស្តង់ដាខ្នាតអន្តរជាតិ ហើយបើគិតពីតម្លៃនោះគឺថោកជាងឱសថនាំចូលដទៃទៀត ហេតុនេះអាចជួយសម្រួលច្រើនដល់ជីវភាពនិងការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា៕