(ភ្នំពេញ)៖ លោក តាកាណូរិ ណារឺមិ និពន្ធនាយកទស្សនាវដ្ដីពាណិជ្ជកម្មជប៉ុន CBP បានថ្លែងថា ស្របពេលដែលកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍របស់កម្ពុជា កាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យវិនិយោគិនពីក្រៅប្រទេស មកវិនិយោគនៅទីនេះកាន់តែច្រើន ។
ជាក់ស្ដែង សម្រាប់អ្នកវិនិយោគពីជប៉ុន ក៏មានចំនួនកាន់ច្រើនផងដែរ ដោយយោងទៅតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០១០ ក្រុមហ៊ុនជប៉ុននៅកម្ពុជា មានត្រឹមតែ១៩ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ២០១៤មក មានក្រុមហ៊ុនជប៉ុនប្រមាណជា ជាង២០០ក្រុមហ៊ុន បានចុះបញ្ជីធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
ការថ្លែងដូច្នេះរបស់លោក តាកាណូរិ ណារឺមិ ក្នុងឱកាសអរបអរសាទរខួបលើកទី៥ឆ្នាំ របស់ទស្សនាវដ្តីពាណិជ្ជកម្មជប៉ុន CBP (Cambodia Business Partners) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នារាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ។
និពន្ធនាយករូបនេះ បានថ្លែងបន្ដថា គិតត្រឹមឆ្នាំ២០១៧ ចំនួនប្រជាជនជប៉ុនរស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ៣,៥១៨នាក់ និងបន្តកើនឡើងបន្តទៀតនៅក្នុងឆ្នាំ២០១៩នេះ។
ដូចនេះ ការវិនិយោគរបស់ជប៉ុន នឹងបន្តកើនឡើងទៀត ។ ពិសេស ពេលដែលជប៉ុន បានទទួលព័ត៌មានពិត និងទូលំទូលាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា។
លើសពីនោះ លោក តាកាណូរិ ណារឺមិ បានថ្លែងបន្ដថា ដោយសារតែប្រជាជនជប៉ុន មិនសូវចេះភាសាបរទេស ដូច្នេះ រយៈពេល៥ឆ្នាំ នៃការបង្កើតទស្សនាវដ្តីពាណិជ្ជកម្មជប៉ុន CBP ជាភាសាជប៉ុននេះ លោកសំគាល់ឃើញថា ទស្សនាវដ្តី បានចូលរួមចំណែកពាំនាំ នូវព័ត៌មានពិត ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន និងអ្នកវិនិយោគជប៉ុនទូទាំងពិភពលោក ឲ្យស្គាល់ និងចូលមកបោះទុនវិនិយោគជាបន្តបន្ទាប់។
ជាមួយគ្នានេះ តាមរបាយការណ៍របស់សមាគមន៍អ្នកវិនិយោគជប៉ុន JBAC បានវាយតម្លៃឲ្យដឹងថា ក្រុមហ៊ុនជប៉ុន ដែលមានស្តង់ដាមានប្រមាណជា ជាង៣០០ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ៕