(ឧត្តរមានជ័យ)៖ អតីតទាហានខ្មែរក្រហមក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលភាគច្រើនមានពិការភាពព្រោះតែភ្លើងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ៨០ ទទួលបានផ្ទះសម្រាប់ស្នាក់នៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ផ្ទះចំនួន ៧ខ្នង ធ្វើពីឈើ ប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណ ៥ម៉ែត្រ និងតសំយ៉ាបស័ង្កសី៣ម៉ែត្រ ត្រូវបានលោកទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះទៅប្រគល់ជូនអតីតយុទ្ធជន និងជាអតីតទាហានខ្មែរក្រហមនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន បន្ទាប់មកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់សមាជិកដែលមករស់នៅទីនេះ ត្រូវរក្សាអនាម័យ ដើម្បីបង្ការជំងឺ និងត្រូវចេះថែរក្សាផ្ទះសម្បែងដែលបានទទួល។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីអគ្គលេខាធិការ បានណែនាំលោកអភិបាលខេត្ត ចាត់តាំងតាមមន្ទីរការិយាល័យជុំវិញខេត្ត ចែកគ្នាជួយឧបត្ថម្ភដល់សមាជិកអតីតយុទ្ធជន ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។
ដោយមានសំណូមពរពីសមាជិក ដែលមកនៅទីនេះគ្មានដីបង្កើនផលនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចអនុញ្ញាតដោះស្រាយដីដែលមានស្រាប់ជូនក្នុងមួយគ្រួសារ២ហិកតា។
ដោយគោរពតាមគោលនយោបាយចម្បងទាំង៣នៃនយោបាយឈ្នះឈ្នះ (ធានាអាយុជីវិត, ធានាមុខរបរ អាជីព និងធានាកម្មសិទ្ធិទ្រព្យសម្បត្តិ) របស់សម្តេចតេជោ ហ៊ុន សែន នោះ អតីតទាហានខ្មែរក្រហមក្នុងខេត្តឧត្តរមានជ័យ ត្រូវបានរក្សាទុកតួនាទី មុខរបរ និងទ្រព្យសម្បត្តិរបស់ពួកគេដដែលក្រោយពេលធ្វើសមាហរណកម្មនៅចុងឆ្នាំ១៩៩៨។
មកដល់ពេលបច្ចុប្បន្នអតីតទាហានខ្មែរក្រហមដែលធ្លាក់ខ្លួនពិការដោយសារភ្លើងសង្គ្រាម និងជួបផលលំបាកផ្សេងៗ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូចជាការផ្តល់ផ្ទះសម្បែង និងដោះស្រាយការលំបាកផ្សេងៗ។
អតីតទាហានខ្មែរក្រហមទាំង ៧គ្រួសារដែលទទួលបានលំនៅដ្ឋានសម្រាប់ស្នាក់នៅ និងដីសម្រាប់បង្កបង្កើនផល បានបង្ហាញក្តីរំភើបរីករាយក្នុងចិត្ត និងប្រកាសដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះពួកគាត់៕