(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែង យ៉ាងលម្អិតក្នុងការពន្យល់ណែនាំបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិតពាក់ព័ន្ធនឹង ការអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍នៃប្រកាសលេខ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹក ថ្ងៃទី៩ ខែមករានេះ ។
GMAC បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសាសន៍ពន្យល់ណែនាំដ៏មានសារៈសំខាន់របស់សម្តេចតេជោ បានធ្វើឲ្យបងប្អូនកម្មករនិយោជិត បានយល់ច្បាស់អំពីលក្ខខណ្ឌហិរញ្ញវត្ថុរបស់រោងចក្រ និងបានយល់ច្បាស់ពីគោលការណ៍ច្បាប់ដែលត្រូវអនុវត្ត ដែលនាំឲ្យចៀសវាងបាននូវការទាមទារ មិនសមស្របនានាក្រោមការញ៉ុះញង់ របស់សហជីព និងសកម្មជនទុច្ចរិតមួយចំនួនតូច។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក៏បានលើកកម្ពស់ស្មារតី និងជំនឿចិត្តរបស់បងប្អូនកម្មករនិយោជិត លើការងាររបស់ពួកគេលើម្ចាស់រាងចក្រក៏ដូចជា លើរាជរដ្ឋាភិបាលផងដែរ»។
GMAC បានបញ្ជាក់ទៀតថា «ប្រសាសន៍ដ៏មានតម្លៃនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ លើការបង្កើតឲ្យមានបរិយាកាសវិនិយោគទូទៅមួយកាន់តែប្រសើរ បើនិយាយជារួម និងលើការធ្វើឲ្យមានសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសន្តិភាពនៅកន្លែងការងារ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ ស្ថិរភាពផលិតកម្ម សំដៅធានាបាននូវការផ្គត់ផ្គង់ទំនិញទាន់ពេលវេលាដល់អ្នកបញ្ជាទិញ បើនិយាយដោយឡែក»។
GMAC បានលើកឡើងទៀតថា សកម្មភាពនេះ រួមទាំងការធ្វើកំណែទម្រង់ថ្មីៗបន្ថែមទៀត ដែលបានដាក់ចេញ និងអនុវត្តចាប់ពីដើមឆ្នាំ២០១៩នេះតទៅ មានជាអាទិ៍ ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ឧស្សាហកម្មពីកម្រិត ០,១៦៥ដុល្លារ មកនៅត្រឹម ០,១៤៧ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង និងកិច្ចសម្រួលពាណិជ្ជកម្ម ជាក់ស្តែងការធ្វើសាមញ្ញកម្មនីតិវិធី និងការកាត់បន្ថយកម្រៃសេវាសាធារណៈលើការនាំចេញពាក់ព័ន្ធ នឹងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជាដើម រួមទាំងគោលនយោបាយផ្សេងៗទៀត ដែលមានចែងនៅក្នុង សេចក្តីព្រាងគោលនយោបាយយុទ្ធសាស្រ្ត២០១៨-២០២៥ សម្រាប់វិស័យកាត់ដេរ ទាំងអស់នេះបានផ្តល់នូវទំនុកចិត្តផ្នែកវិនិយោគកាន់តែខ្ពស់ ក្នុងចំណោមវិនិយោគិនបច្ចុប្បន្ន និងវិនិយោគិនសក្តានុពលជាច្រើនទៀត។
សមាគមសូមគាំទ្ររាជរដ្ឋាភិបាល និងខិតខំបន្តនូវកិច្ចសហការ ផ្នែកវិនិយោគឲ្យកាន់តែរឹងមាំបន្ថែមទៀតសំដៅធានាឲ្យបាន នូវកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់សហជីព ដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុននេះបីបួនឆ្នាំមិនទាន់នឹងទូទាត់ផង បីបួនឆ្នាំ ទាល់តែគេបញ្ឈប់បានគេទូទាត់ឱ្យអីឡូវនេះ តើមានក្រុមញុះញុងមកពីណាទៅដែលបង្កើតឱ្យមានស្ថានភាព បើកផ្តាច់នៅក្នុងខែមករា ឆ្នាំ២០១៩»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តតាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ៕