(ភ្នំពេញ)៖ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរ ដោយសវត្ថិភាព នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកប្រធាន នុត សាវី សហការជាមួយភ្នាក់ងារឃ្លាំមើលសំរាមតាមសង្កាត់ និងភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ិន ទ្រី បាននាំគ្នាធ្វើអនាម័យ ប្រមូលរាល់កាកសំណល់សំរាមនានា ក្នុងការរក្សាបរិស្ថានឲ្យបានល្អ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង រវាងសង្កាត់ច្រាំងចំរេះទី២ នឹងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក្រោយមានការដឹកនាំចង្អុលបង្ហាញពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ។
ក្នុងការដឹកនាំចង្អុលបង្ហាញខាងលើនេះ កន្លងមកលោក ជា ពិសី បានលើកឡើង ដើម្បីជំរុញជាបន្តបន្ទាប់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌប្រចាំខែ អំពីអនាម័យនេះ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ប្រជាពលរដ្ឋរស់នៅ ជាពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅលើកការបោះចោលសំរាម គ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជានៅតាមមុខលំនៅដ្ឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងណែនាំឲ្យប្រជាពលរដ្ឋមានការចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើអនាម័យសម្អាតបរិស្ថាន ទាំងការវេចខ្ចប់សំរាម ដាក់ស្បោងប្លាសស្ទិក ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលយក ដើម្បីរក្សាសោភ័ណភាពទីក្រុង។
លោកអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងពីបញ្ហាសំរាម ចាំបាច់ណាស់ត្រូវធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ក្នុងពេលយកសំរាមទៅបោះចោល នៅតាមដងផ្លូវទីសាធារណៈ និងមានវិធានការផាកពិន័យ ប៉ុន្តែវិធានការផាកវិន័យនោះ ពុំសូវទទួលបានលទ្ធផលល្អប្រសើរឡើយ សំខាន់គឺផ្ដើមចេញពីការផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមថែរក្សា ការពារបរិស្ថានក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ អនាម័យល្អ និងមានខ្យល់អាកាសបរិសុទ្ធ គឺផ្តើមចេញពីពួកយើងទាំងអសគ្នា៕