(ព្រះវិហារ)៖ មន្រ្តីយោធាម្នាក់ បានស្លាប់គួរឲ្យអណោចអាធ័មដោយសារតែផ្ទុះមីន ខណៈជនរងគ្រោះកំពុងតែត្រួសព្រៃដីចម្ការ នៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភ្លាមៗនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរមីន ក្រោមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនរងគ្រោះផងដែរ។
មន្រ្តីនៃអាជ្ញាធរមីន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ចំពោះហេតុការណ៍នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន មានសេចក្តីសោកស្តាយបំផុត បន្ទាប់ពី ទទួលបានព័ត៌មានថា មានគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ មួយករណីកើតឡើងនៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។
បើតាមមន្រ្តី ក្នុងឧប្បតិ្តហេតុនោះ បានបណ្តាលឲ្យយោធាម្នាក់ស្លាប់ នៅពេលដែលគាត់កំពុងត្រួសព្រៃដីចម្ការ បានកាប់ចំគ្រាប់ប្រភេទ៦០មីលីម៉ែត្រ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ ប្រាក់ សាខិន អាយុ៤៦ឆ្នាំ មានទីលំនៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕