(ភ្នំពេញ)៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ ៤០% ហើយ ក្នុងនោះការងារគ្រឿងបង្គុំសម្រេចបាន ៨០% ដែលពិធីអបអរនៃការដំឡើងបង្គុំកៅអីអង្គុយជានិមិត្តរូបនេះ ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតំណាងគណៈកម្មការសាងសង់ លោកបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង នៅក្នុងពិធីអបអរនៃការដំឡើងបង្គុំកៅអីអង្គុយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាង្គរបស់អគារពហុកីឡដ្ឋានធំ នាពេលនេះ។
លោកបន្ថែមថា កម្ពុជាពិតជាអរគុណចំពោះជំនួយឥតសំណងដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំធេង នៃការសាងសង់នាពេលនេះ មិនត្រឹមតែបានបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែសំណង់ដ៏ស្កឹមស្កៃនេះ ក៏បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មកររាប់រយនាក់ទៀតផង។
លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ ក៏ដូចជាកិច្ចការកំពុងដំណើរការសាងសង់នេះ គឺកើតចេញពីការខិតខំរួមគ្នាជួយលើគ្រប់កិច្ចការទាំងអស់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានជួយជំរុញដល់កិច្ចការនេះ បានដំណើរការដោយរលូន និងសម្រេចបានផលជាដំណាក់កាលៗ។
គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់ និងប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅដំណាច់ឆ្នាំ២០២០ ខាងមុខ។
តំណាងក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងការដ្ឋានសាង់សង់ប្រើប្រាស់កម្មករជំនាញចិនចំនួន ៥៨០ និងកម្មករខ្មែរចំនួន ២៤០នាក់ ហើយការផលិតគ្រឿងបង្គុំកៅអីអង្គុយ និងការដំឡើងកៅអីអង្គុយអាចនឹងរួចរាល់នាខែមិថុនាខាងមុខ៕