(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា Keller Williams Cambodia (KW-កម្ពុជា) លោកបណ្ឌិត គីម ហ៊ាង បានបង្ហាញពីសក្ដានុពលខ្ពស់ក្នុងការពង្រីក KW-កម្ពុជា ឲ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនេះបានព្យាករណ៍ថា រយៈពេល១០ឆ្នាំ KW-កម្ពុជា នឹងមានវត្តមានចំនួន៣៦សាខា នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងស្របពេលដែល KW-កម្ពុជា កំពុងវិត្តខ្លួនកាន់តែខ្លាំងក្លានៅកម្ពុជា បន្ទាប់ពីបាននាំយកសិទ្ធិអាជីវកម្មពីសហរដ្ឋអាមេរិក។ ជាក់ស្ដែងនាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ម្ចាស់អាជីវកម្មរូបនេះបានចុះកិច្ចព្រៀមព្រៀង លក់សិទ្ធិអាជីវកម្ម KW-កម្ពុជាទៅឲ្យម្ចាស់អាជីវកម្មប្រចាំខណ្ឌចំនួន២គឺ ខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ។
លោកបណ្ឌិត គីម ហ៊ាង លើកឡើងថា «សម្រាប់KW-កម្ពុជានឹងពង្រីកសាខាឲ្យ ដូចធនាគារអេស៊ីលីដាមានន័យថា ធនាគារអេស៊ីលីដានៅកន្លែងណា វត្តមាន KW-កម្ពុជានឹងមាននៅទីនោះដែរ...ហើយក្នុងរយៈពេល១០ឆ្នាំខាង KW-កម្ពុជានឹងពង្រីកឲ្យបាន៣៦សាខានៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា សម្រាប់វិស័យអចលនទ្រព្យនៅតែបន្ដភាពរីកចម្រើន ដោយមិនធ្លាក់ថមថយនោះឡើយ ព្រោះវិស័យដីធ្លីជាវិស័យនាំមុខក្នុងប្រទេស ដែលកំពុងរីកចម្រើននៅកម្ពុជា។ កម្ពុជាជាប្រទេសមួយដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសកំពុងមានការវិវត្តន៍ក្នុងកម្រិតតិចតួច មានន័យថា នឹងបន្ដរីកចម្រើនទៅមុខជាបន្ដបន្ទាប់។
លោកថា ដីធ្លីឡើងថ្លៃឬចុះមិនមែនឡើងចុះដោយខ្លួនឯងឡើយ តែផ្អែកលើកត្តាផ្សេងៗដូចជា៖ កត្តាសេដ្ឋកិច្ច, កត្តានយោបាយ, កត្តាភូមិសាស្រ្ដជាដើម។
លោកបន្ថែមថា សម្រាប់ថ្ងៃនេះក្រុមហ៊ុនKW-កម្ពុជា បានចុះកិច្ចព្រមព្រៀងលក់សិទ្ធិអាជីវកម្ម និងផ្ដល់ទីតាំងដល់ម្ចាស់អាជីវកម្មចំនួន២ខណ្ឌរួមមាន៖ ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះគឺ បើកសាខាទាំងបីព្រមគ្នាគឺ សាខាទួលគោក, ឬស្សីកែវ និងជ្រោយចង្វារ។
លោក ម៉ាក សូនី ម្ចាស់អាជីវកម្ម KW-កម្ពុជា ប្រចាំខណ្ឌជ្រោយចង្វារឲ្យដឹងថា «កត្តាដែលធ្វើឲ្យខ្ញុំសម្រេចចិត្តទិញសិទ្ធិអាជីវកម្មនេះគឺ KW មានឈ្មោះល្បីល្បាញមកពី សហរដ្ឋអាមេរិកដែលអាចគ្រប់គ្រងធនធានមនុស្ស ទាំងនេះជាកត្តាងាយស្រួល សម្រាប់អ្នកធ្វើអាជីវកម្ម»។
លោកបន្ដថា ដោយឡែកសម្រាប់វិស័យដីធ្លីនៅខណ្ឌឬស្សីកែវ ក៏កំពុងមានភាពរីកចម្រើន ហើយនឹងបន្ដកំណើនជាលំដាប់ផងដែរ។
លោក វិបុត្រ សេម ម្ចាស់អាជីវកម្ម KW-កម្ពុជា ប្រចាំខណ្ឌឬស្សីកែវឲ្យដឹងថា «មូលហេតុដែលខ្ញុំសម្រេចចិត្តទិញ សិទ្ធិអាជីវកម្មKW-កម្ពុជាក្នុងខណ្ឌជ្រោយចង្វារនេះ ដោយសារតែមានភាពរីកចម្រើនខ្លាំង ក្នុងការគ្រប់គ្រងធនធាមនុស្ស ដែលធ្វើឲ្យការប្រកបអាជីវកម្មមានភាពរឹងមាំ និងរីកចម្រើន»៕