(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃអង្គសន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក-ក្រុង-ឃុំ-សង្កាត់ និងប្រធានបក្សតាមមូលដ្ឋានជាច្រើនរូបទៀត។
សូមបញ្ជាក់ថា សន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។
ជាមួយគ្នានោះ អង្គសន្និបាទបានឯកភាពខ្ពស់លើការងារសំខាន់ៗចំនួន១១ចំណុច ក្នុងគោលបំណងពង្រឹងគណបក្សឲ្យមានការរឹងមាំ លើគ្រប់វិស័យ ដែលជាកិច្ចការមានអត្ថន័យ កំណត់ចំពោះជោគជ័យរបស់គណបក្សក៏ដូចរយៈពេលកន្លងមក ទាំងបច្ចុប្បន្ន និងតទៅមុខទៀត៕