(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP (សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី) នឹងប្រារព្ធធ្វើឡើងជាលើកដំបូងនៅលើទឹកដីសៀមរាបអង្គរជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩សប្តាហ៍ក្រោយនេះ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ ត្រូវបានគេរំពឹងថា មានការអញ្ជើញចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិករបស់សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រមាណ ៣០០រូប។
លោក ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំនេះជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា នៅទីលានជល់ដំរី ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់សំខាន់ៗ មានដូចជារដ្ឋមន្ត្រីក្រសួងវប្បធម៌ពីបណ្តាប្រទេសក្នុងតំបន់ និងឥស្សរជនដទៃទៀតជាសមាជិករបស់ ICAPP។
បើតាមលោក ឯក ថា ព្រឹត្តិការណ៍នោះ ក៏នឹងមានសិល្បករ សិល្បៈការិនីល្បីៗ មកពីជាង ១០ប្រទេស សម្តែងសិល្បៈ ដើម្បីស្វាគមន៍ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានការិយាល័យនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។
ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។
លោក ឯក ថា បានអះអាងថា ការបង្កើតឡើងនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម។
ការណ៍ដែលកម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី មិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ។ ប៉ុន្តែវាជាប្រវត្តិជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រកម្ពុជា តាមរយៈអាយស៊ីស៊ី-អង្គរ ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងវិស័យវប្បធម៌ ដោយមានសម្បត្តិវប្បធម៌កម្ពុជាចំនួន០៥ ផ្សេងទៀតត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍។
អង្គការយូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី រំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍សៀមរាបមួយទាក់ទងការងាររបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាតុមូលទាំង០៤ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នាសប្តាហ៍ក្រោយនេះ៕