(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវ ដឹកនាំដោយលោកវរសនីយ៍ទោ Saysaming SIVILAY អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានស្នើឲ្យភាគីទាំង២ បន្តកិច្ចសហប្រតិបត្តិការលើការងារអន្តោប្រវេសន៍ បន្ថែមទៀតឲ្យកាន់តែប្រសើរឡើង។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានជម្រុញឲ្យភាគីទាំងពីរ ត្រូវរួមគ្នាកសាងព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាចុងក្រោយលោក ក៏បានជូនពរដល់គណៈប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវ ជោគជ័យក្នុងភារកិច្ចដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលនេះផងដែរ៕