(ភ្នំពេញ)៖ ១០ឆ្នាំទៅមុខវិស័យអចលនវត្ថុនៅកម្ពុជា នៅតែបន្ដភាពរីកចម្រើនល្អ ការបន្ដភាពរឹងមាំ និងរីកចម្រើននេះ ផ្អែកលើកត្តាផ្សេងជាច្រើន។ ជាមយគ្នានេះក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាការណ៍ថា នឹងត្រូវការអភិវឌ្ឍផ្ទះល្វែង១០ម៉ឺនខ្នង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោក ច្រឹក សុខនីម ឲ្យដឹងថា «ជាទស្សនៈផ្ទាល់ខ្ញុំយល់ឃើញថា វិស័យអចលនវត្ថុរីកចម្រើននៅរយៈពេល១០ឆ្នាំទៀត គឺដោយសារកត្តាសំខាន់ៗ៤យ៉ាងរួមមាន ១៖ ស្ថេរភាពនយោបាយ ស្ថានភាពនយោបាយដើររលូន ជាមួយវិស័យសេដ្ឋកិច្ច, ២៖ ការវិវត្តទៅមករបស់វិស័យអចលនវត្ថុ, ៣៖គ្មានការព្រួយបារម្ភអំពីរឿងនយោបាយ សម្រាប់អ្នកវិនិយោគ និងពលរដ្ឋទិញដី និងទី៤៖ ការផ្ដល់ឥណទានពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីវិនិយោគលើវិស័យដីធ្លី»។
លោកបន្ដថា កម្ពុជាត្រូវការការអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ១០ម៉ឺនខ្នងថែមទៀត ពិសេសរាជធានីភ្នំពេញ ព្រោះបច្ចុប្បន្នភ្នំពេញពេញនៅខ្វះខាតលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការការរស់នៅរបស់ប្រជាជន ដូច្នេះត្រូវការបន្ថែមប្រមាណ១០ម៉ឺនខ្នងថែមទៀត។
លោកបន្ថែមថា «សម្រាប់ខ្ញុំមើលឃើញថា ពីពេលនេះដល់រយៈពេល៥ឆ្នាំទៀត វិស័យអចលនទ្រព្យមានលក្ខណៈរីកចម្រើនល្អ រឹងមាំងច្បាស់លាស់ ហើយផុតពីរយៈពេល៥ឆ្នាំនេះ ទៅដល់៥ឆ្នាំក្រោយក៏នៅតែមានលក្ខណៈរឹងមាំដែរ ប៉ុន្ដែត្រូវទាមទារ នូវបរិបទនៃការកែច្នៃ បរិបទនៃការប្រកបរបទទួលទានមួយចំនួនផងដែរ។ ជារួមវិស័យអចលនទ្រព្យក្នុងរយៈពេល១០ឆ្នាំខាងមុខនៅតែល្អ និងមានភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា»។
ប្រធានសមាគមរូបនេះបានលើកឡើងទៀតថា នៅឆ្នាំ២០១៩នេះ វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងមានកំណើតជាមធ្យម១៥ភាគរយ។ លោកក៏បានលើកទឹកឲ្យអ្នកដែលមានលទ្ធភាព វិនិយោគក្នុងវិស័យអចលនទ្រព្យ ចាប់ឱកាសល្អនេះ ធ្វើការវិនិយោគក្នុងវិស័យដែលមានសន្ទុះរីកចម្រើនខ្លាំងនេះ៕