(បន្ទាយមានជ័យ)៖ ទីបញ្ជាការវរសេនាតូច ថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីទស្សនកិច្ចសិក្សា ការងារកសាង ពង្រឹងអង្គភាពរឹងមាំលើ គ្រប់វិស័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការ កងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក។
កម្មវិធីនេះ ក៏មានការចូលរួមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥, លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, អាជ្ញាធរដែនដី ព្រមទាំងមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានសាមីអង្គភាពវរសេនាតូចលេខ៥១៣ សរុបរួម៤៦៧នាក់។
គណៈអធិបតីប្រតិភូ ទស្សនាពិធីគោរពទង់ជាតិរួមរបស់វរសេនាតូចលេខ៥១៣ ពិនិត្យកន្លែងធ្វើការងារ ក្រុមជាងឥដ្ខបុក ជាងធ្វើដែក កែច្នៃកង់ឡាននិង សួនបន្លែ។ គណប្រតិភូបន្តចុះពិនិត្យផ្ទះគ្រួសារយោធិន និងមើលកងអនុសេនាធំទី២ មានសួនបន្លែ រោងចិញ្ចឹមសត្វជ្រូក មាន់ ទា ដែលបងប្អូនសម្រេចបាន។
មតិពិភាក្សាឧត្តមសេនីយ៍ឯក ប៊ុន សេង បានលើកសរសើរ អង្គភាពវរសេនាតូចលេខ៥១៣នេះ អនុវត្តន៍បានល្អការងារកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ តាមផែនការយោធភូមិភាគទី៥ មានភាពរីកចម្រើនខ្លាំងពិសេសរក្សាបាននិរន្តរភាពផែនការនេះ អាចចាត់ទុកជាអង្គគំរូ ក្នុងយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ជា សារ៉ន បានលើកឡើងគាំទ្រផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ នេះអស់រយ:ពេលជាង៤ឆ្នាំ ក្លាយទៅជាទម្លាប់ អាចទទួលយកជាគំរូ
ជាបទពិសោធន៍ ដាក់ចេញជាផែនការ សម្រាប់ទូទាំងកងទ័ពជើងគោកតែម្ដង នូវសមិទ្ធផលដែលអង្គភាពធ្វើបាន។
ឧត្តមសេនីយ៍ឯករូបនេះ ក៏បានផ្តាំអង្គភាពវរសេនាតូចលេខ៥១៣ ឲ្យយកចិត្តទុកដាក់ លើការងារប្រៀបការពារជាតិត្រៀម រាល់យថាហេតុ គ្រប់គ្រងកម្លាំង លេណដ្ឋាន សម្ភារសឹក និងបន្តអនុវត្តន៍ផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ដើម្បីភាពរីកចម្រើនក្នុងកងទ័ព៕