(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកធនាគារចល័តនៅកម្ពុជា បានប្រកាសពីភាពជាដៃគូរបស់ខ្លួន ជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់នូវជម្រើសបន្ថែម នៃសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដែលមានភាពងាយស្រួល។
ភាពជាដៃគូនេះ នឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេស ហើយមានតម្រូវការផ្ទេរប្រាក់ទៅកាន់ មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលរស់នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន អតិថិជននៅកម្ពុជា អាចទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេស តាមរយៈក្រុមហ៊ុន MoneyGram នៅការិយាល័យកណ្តាល របស់ធនាគារឯកទេសវីង។ នៅក្នុងបន្តិចទៀតនេះ អតិថិជន ក៏អាចទទួលបានសេវាកម្មនេះ នៅតាមភ្នាក់ងារវីង នៅក្នុងប្រទេសកម្ពុជា។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង បានថ្លែងថា វាគឺជាកិត្តិយសមួយ សម្រាប់ធនាគារឯកទេសវីង ក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន MoneyGram ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ ធំបំផុតមួយនៅលើពិភពលោក ដើម្បីចូលរួមចំណែកដល់ការដាក់បញ្ចូលហិរញ្ញវត្ថុ សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។
លោក ម៉ាឡូឡូស បានបន្តថា «ក្នុងនាមជាក្រុមហ៊ុនមួយ ដែលផ្តល់ជាសេវាកម្មសម្រាប់អតិថិជនដែលមិនមាន និងមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា យើងសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពជាច្រើន សម្រាប់អតិថិជនរាប់ពាន់នាក់របស់យើង ដែលជីវភាពរស់នៅរបស់ពួកគេ បានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុន បានណែនាំសេវាផ្ទេរប្រាក់អន្តរជាតិ កាលពីមួយឆ្នាំមុន»។
លោក Sukesh Malliah នាយកគ្រប់គ្រងនៃក្រុមហ៊ុន MoneyGram ប្រចាំតំបន់ឥណ្ឌូចិន ម៉ាឡេស៊ី និងប្រ៊ុយណេ បានថ្លែងថា កិច្ចសហការជាដៃគូជាមួយធនាគារឯកទេសវីង គឺជាជំហានមួយទៀត សម្រាប់ក្រុមហ៊ុន MoneyGram ដើម្បីសម្រេចបាននូវបេសកកម្មរបស់ក្រុមហ៊ុន។
លោក Sukesh Malliah បានបន្តថា «នេះគឺជាគោលបំណងរបស់ MoneyGram ក្នុងការផ្តល់សេវាកម្មផ្ទេរប្រាក់ ដែលប្រកបដោយទំនុកចិត្តខ្ពស់ និងងាយស្រួលដល់អតិថិជនរាប់លាននាក់របស់យើង ដែលពឹងពាក់លើសេវាកម្មរបស់យើង ដើម្បីផ្សាភ្ជាប់ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ នៅជុំវិញពិភពលោក»។
ភាពជាដៃគូជាមួយ MoneyGram មានរយៈពេលមួយខែបន្ទាប់ពី Wing បានណែនាំសេវាកម្ម «Wing2World» ដែលជាសេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចឲ្យអតិថិជនផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ តាមរយៈសេវាកម្មខុសៗគ្នា របស់ដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង អតិថិជនរបស់ ធនាគារឯកទេសវីង អាចចូលទៅក្នុងកម្មវិធី កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើប្រតិបត្តិការរផ្ទេរប្រាក់ទៅក្រៅប្រទេស ដូចជាប្រទេសហ្វីលីពីន និងវៀតណាមជាដើម។ អ្នកទទួលប្រាក់នៅកម្ពុជា ក៏អាចទទួលប្រាក់ពីជាង២០០ ប្រទេស តាមរយៈភ្នាក់ងារវីងឬកម្មវិធីស្មាតហ្វូនវីង៕