(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានថ្លែងថា ដោយសារការដឹកនាំតស៊ូពលីកម្មសព្វបែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅដល់ការស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងស្តារប្រទេសជាតិឡើងវិញ ទើបយើងមានសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។
លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា របស់រដ្ឋបាលខេត្តកំពង់ធំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក លោកស្រី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោក លោកស្រី ប្រធានអង្គភាព មន្ត្រីរាជាការ អាជ្ញាក្រុង ស្រុក នឹងប្រជាពលរដ្ឋមកពីស្រុកសន្ទុក កំពង់ស្វាយ និងក្រុងស្ទឹងសែនជាង៦,០០០នាក់។
លោក សុខ លូ បានឡើងអានសុន្ទរកថា ទាំងស្រុងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងកម្មវិធី នាពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ពិសេសពាក់ព័ន្ធនឹងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍មួយ ដែលប្រជាជនខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបាន។
លោក បន្តទៀតថា ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបប្រល័យពូជសាសន៍ មានការលំបាកខ្លាំងណាស់ មិនអាបំភ្លេចបានឡើយ។ ការតស៊ូពលីកម្មសព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានបញ្ជាក់ឲ្យឃើញពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព ជាពិសេសនោះទឹកដីខេត្តកំពង់ធំ គឺជាវាលដែលសំបូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ តែពេលនេះគឺសំបូរទៅដោយវាលស្រែ និងចំការដែលអាចនាំចេញនូវ កសិផលរបស់កសិករថែមទៀតផង៕