(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច០៤នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស ក្នុងនោះមាន០៣នាក់ជាចោរលួចម៉ូតូ និងម្នាក់ជាចោរលួចអាគុយឡាន។
ពួកគេទាំង០៤នាក់នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែងបាន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ រួមមាន ទី១៖ឈ្មោះ ជុំ បូរ៉ា អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ វណ្ណី នុត ហៅវិត អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ លី មករា អាយុ៣១ឆ្នាំ និងទី៤៖ឈ្មោះ សេន សាគី អាយុ១៨ឆ្នាំ។
ពួកគេទាំង០៣នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៣០នាទី បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខតាកែវ1K-3226 ជារបស់ជនរងគ្រោះឈ្មោះ ចាន់ វាស្នា ភេទប្រុស អាយុ២៦ឆ្នាំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនរងគ្រោះក្រោយពេលដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីជួយស្វែងរក ទើបសមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង០៣នាក់នេះ នៅចំណុច ក្រុម៤ ភូមិដំណាក់ធំ១ និងផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ ខណ្ឌមានជ័យ២ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ជុំ បូរ៉ា និងឈ្មោះ វណ្ណី នុត ហៅវិត បានសារភាពថា រូបគេទាំង០២នាក់ ពិតជាបានលួចម៉ូតូម៉ាក MSX (តៃវ៉ាន់) ពណ៌ស ស្លាកលេខតាកែវ1K-3226 ជារបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយថែមទាំងលួចយកសម្ភារមួយចំនួនទៀតដូចជា កង្ហារ, ចង្ក្រានហ្កាស, ឆ្នាំដាំបាយ និងអង្ករមួយការ៉ុង។ ចំណែកម៉ូតូ ដែលរូបគេលួចបានគឺយកទៅឲ្យឈ្មោះ លី មករា ដើម្បីយកទៅលក់ក្រោយមកឈ្មោះ លី មករា បានយកម៉ូតូនោះទៅលក់នៅខេត្តកំពង់ស្ពឺ ឲ្យឈ្មោះ ហួរ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានតម្លៃ២០ម៉ឺនរៀល។ លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ពួកគេទាំង០៣នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។
ដោយឡែកជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១៖៣០នាទី នៅចំណុចក្នុងការដ្ឋានមួយកន្លែង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចដោះអាគុយអាប៊ុលឈូសដី នៅក្នុងការដ្ឋានមួយកន្លែង ចំណុចខាងលើក្នុងពេលរូបគេធ្វើសកម្មភាពនោះ ស្រាប់តែមានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។
ក្រោមវិធានការជំនាញ នៃការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគេបានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង1L-0182 ទៅដល់ដីឡូតិ៍មួយកន្លែង នៅចំណុចខាងលើស្រាប់តែឃើញអាប៊ុលឈូសដីមួយគ្រឿង ទុកចោលគ្មានមនុស្សនៅក្បែរ ដោយរូបគេឃើញឱកាសល្អ ក៏ធ្វើសកម្មភាពលួចដោះអាគុយ ចេញពីអាប៊ុលឈូសដីនោះ ស្រាប់តែពេលនោះស្របពេលអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។
រូបគេបានបញ្ជាក់បន្ថែមទៀតថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចអាគុយឡានបានសម្រេចចំនួន០៧លើក មកហើយជាមួយបក្ខពួកឈ្មោះ សូត្រ ហើយអាគុយដែលលួចបាននោះ រូបគេយកទៅលក់នៅម្តុំផ្សារតូច បានពីតម្លៃ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយរូបគេក៏ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ជាប្រចាំផងដែរ៕