(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសច្បាប់ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សែម គន្ធា បានប្រាប់ឱ្យភ្នាក់ងារ Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ ចរាចរណ៍ ទៅលើរថយន្តធុនធំ ដែលមិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ ក្នុងនោះកម្លាំងជំនាញរបស់លោក បានដាក់ពង្រាយចំនួន ៣គោលដៅធំៗ គឺស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងខណ្ឌសែនសុខ, ផ្លូវលេខ៥៩៨ និងផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ។ ការចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលការណ៍ បានធ្វើឡើងតាមច្បាប់របស់សាលារាជធានីភ្នំពេញ ក៏ដូចជា ក្រសួងមហាផ្ទៃ ដែលបានចេញនៅអនុក្រឹត្យនេះផងដែរ។
លោកវរសេនីយ៍ឯក សែម គន្ធា បានបន្តថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជា ការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹករហូតដល់ល្ងាច ដោយកម្លាំងនគរបាលជំនាញរបស់យើង បានធ្វើការឃាត់រថយន្តធុនធំបានចំនួន៩៦គ្រឿង ដោយយកមកតាមគោលដៅចំនួន៣ផ្សេងគ្នា។
ដោយឡែក ចំពោះរថយន្តដែលកម្លាំងនគរបាលជំនាញបានធ្វើការឃាត់នោះ នឹងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវករ ដែលបើកមុខរបររថយន្តដឹកទំនិញធុនធំទាំងឡាយ ស្ដីអំពីច្បាប់អនុញ្ញាតឱ្យរថយន្តធុនធំ ចេញចូលមានម៉ោងកំណត់ត្រឹមត្រូវ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឱ្យចូល ក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌរួមមាន៖ ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និងខណ្ឌចំការមន។ ដោយឡែក រថយន្តដឹកទំនិញធុនធំ ដែលអនុញ្ញាតឱ្យចេញចូលបាននៅតំបន់ជាយក្រុងរួមមាន៖ ផ្លូវទំនប់កប់ស្រូវ, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤, ផ្លូវវេងស្រេង និងផ្លូវ២៧១។
ជាចុងក្រោយលោក សែម គន្ធា បានសំណូមពរដល់ម្ចាស់អាជីវករទាំងអស់ សូមមេត្តាគោរពនៅច្បាប់ចរាចរណ៍ ដែលសាលារាជធានីភ្នំពេញ នឹងក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំទាំងអស់ តាមការកំណត់នេះផងដែរ៕