(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីតំណាង អយ្យការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានចុះឃាត់ខ្លួនជនជាតិវៀតណាមប្រុស-ស្រីចំនួន១២នាក់ ដែលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងសិប្បកម្មឈើ ផ្លូវលេខ៤៧៤ និងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាលទ្ធផល នៃប្រតិបត្តិការនគរបាលបានរកឃើញជនជាតិវៀតណាម ចំនួន១២នាក់ ស្រី៣នាក់ ដែលកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារគ្មានប័ណ្ណការងារ និងកំពុងលួចស្នាក់នៅគ្មានឯកសារត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ បានបន្តថា ជនជាតិវៀតណាមទាំង១២នាក់ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្តទៀត៕