(តាកែវ)៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់សហជីព ដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់់។
ការមានប្រសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាល ជាមួយមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩ សរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។
នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ប៉ុន្តែពូអត់នឹកដល់ថា ស្រាប់តែមានរោងចក្រប្រហែលជា៦រោងចក្រ នៅទីក្រុងភ្នំពេញ៣ នៅតាកែវ២ កំពង់ស្ពឺ១ បែរជាសុំទូទាត់នៅខែមករាហ្នឹងផ្តាច់តែម្តង»។
ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរសួរបញ្ជាក់ត្រឡប់ទៅវិញថា តើទុកឱ្យរោងចក្រនេះក្ស័យធនតាមរយៈ ការប្រមូលពន្ធទាំងអស់យកមកបើកឱ្យកម្មករ កម្មការិនី តែក្នុងមួយពេលរួចហើយបិទរោងចក្រ ឬយ៉ាងណា? សូមក្មួយៗពិចារណាមើលទៅ ព្រោះរោងចក្រទាំងអស់នោះនឹងចូលដល់កម្រិតក្ស័យធន ដូច្នេះអ្នកដែលខាតបង់ គឺកម្មករ-កម្មការិនីយើងទាំងអស់គ្នាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុននេះបីបួនឆ្នាំមិនទាន់នឹងទូទាត់ផង បីបួនឆ្នាំ ទាល់តែគេបញ្ឈប់បានគេទូទាត់ឱ្យអីឡូវនេះ តើមានក្រុមញុះញុងមកពីណាទៅដែលបង្កើតឱ្យមានស្ថានភាព បើកផ្តាច់នៅក្នុងខែមករា ឆ្នាំ២០១៩»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តតាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំរិះរកដំណោះស្រាយឈ្នះ-ឈ្នះ ដោយមិនទុកឱ្យកម្មករ-កម្មការិនីចាញ់ មិនទុកឱ្យថៅកែចាញ់ ហើយក៏មិនទុកឱ្យរាជរដ្ឋាភិបាលចាញ់នោះដែរ។ ដោយសារតែកន្លងមករាជរដ្ឋាភិបាលបានចំណាយថវិកា អស់២២លានដុល្លារអាមេរិក ដើម្បីសងចំពោះកម្មករ-កម្មការិនីរបស់យើងដែលថៅកែរត់ចោល។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏មានប្រសាសន៍អំពាវនាវទៅដល់កម្មករ-កម្មការិនីថា បើមានសហជីពណាដឹកនាំទៅរកស្ថានភាពអាក្រក់ កុំជឿតាមការអូសទាញរបស់សហជីពនោះ និងសុំអំពាវនាវដល់សហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម កុដកម្ម ទៅលើបញ្ហានេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលឈានចូលទៅដល់ស្ថានភាពជ្រុលនិយមនេះឯង៕