(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនកែច្នៃយានយន្ដដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវតែបិទចោលទាំងអស់ ពីព្រោះក្រសួងបានតែបក់ផ្សែងជាច្រើនឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុនកាត់តកែច្នៃទ្រុងឡាន គ្មានអាជ្ញាបណ្ណត្រឹមត្រូវទាំងនេះ។
ការបញ្ជាក់ពីចំណាត់ការរបស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។
ទេសរដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «ដើម្បីកុំឲ្យមានករណីកែច្នៃ កាត់ត ទ្រុងឡាន កើតឡើងដដែលៗ ដូច្នេះឆ្នាំ២០១៩នេះ ត្រូវតែបិតក្រុមហ៊ុនកែច្នៃយានយន្ដ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ហើយក្រសួងនឹងដាក់បច្ចេកទេសទំនើបតាមប្រព័ន្ធអនឡាញមួយ ដើម្បីត្រួតពិនិត្យតាមដានឲ្យជាប់ បើក្រុមហ៊ុនដដែលៗ ឬឡានដដែល ដែលយើងចាប់បាន ថាដឹកទំនិញលើសទម្ងន់ ឬកែច្នៃខុសបច្ចេកទេសនោះ នឹងចាត់វិធានការទៅតាមហ្នឹង»។
លោកបន្ដថា កន្លងមកក្រសួងក៏បានធ្វើដែរ តែធ្វើតាមក្រដាស តែពេលនេះ ធ្វើការតាមដានតាមប្រព័ន្ធអនឡាញម្ដង ដើម្បីឆ្លើយតបនឹងសម្ដេចតេជោ ដែលសម្ដេចតែងតែមានប្រសាសន៍ហើយថា ចាំដល់ថ្ងៃណាទៀត បើក្រុមហ៊ុនដដែលៗ មិនគោរពច្បាប់ នៅតែចាប់មិនបាននោះ តើចាប់ដល់ពេលណាទៀត។
ទេសរដ្ឋមន្រ្ដីប្ដេជ្ញាថា នឹងចាត់វិធាននៅឆ្នាំ២០១៩នេះ ដោយកន្លងមកក្រសួង មិនដែលធ្លាប់បានបិតក្រុមហ៊ុន កែច្នៃ មួយណានៅឡើយទេ ដូច្នេះត្រូវរកនិតីវិធីដើម្បីតាមដានគ្រប់គ្រង ដើម្បីឈានទៅដល់ បិតក្រុមហ៊ុន ឬអាជីវកម្មដឹកទំនិញកែច្នៃ ខុសលក្ខណៈបច្ចេកទេសទាំងនេះឲ្យបាន៕