(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ School Aid Japan ដែលជាអង្គការរបស់ប្រទេសជប៉ុន បានសន្យារួមគ្នាជួយពង្រឹងបន្ថែមលើផ្នែកសិក្សាអប់រំ ដល់កុមារកម្ពុជាក្រីក្រ នៅតាមសហគមន៍។ បន្ថែមពីការសន្យារួមគ្នាជួយពង្រឹងបន្ថែមនេះ ភាគីទាំងក្រសួងសង្គមកិច្ច និងអង្គការ School Aid Japan បានពិភាក្សាគ្នាលើការបណ្តុះបណ្តាលមូលដ្ឋាន គ្រឹះសិក្សាបន្ថែមទៀត ដើម្បីជួយដល់កុមារកម្ពុជា ក្រៅពីនោះក៏មានការលើកឡើងពីការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា នៅតាមទីជនបទ ដាច់ស្រយាលផងដែរ។
ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងសំណេះសំណាលរវាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក វាតាណា មិគិ អគ្គនាយកអង្គការ School Aid Japan រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នាទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងជំនួបនោះ លោក វង សូត បានលើកឡើងថា កន្លងមក អង្គការ School Aid Japan បានជួយសាលារៀន ក៏ដូចជា មតេយ្យសិក្សាដល់កម្ពុជាជាច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នេះជាការចួលរួមចំណែកយ៉ាងល្អ ជួយទៅដល់កុមារកម្ពុជា ទាក់ទងនឹងវិស័យអប់រំ និងវិស័យសង្គមកិច្ច។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណទៅដល់អង្គការ School Aid Japan ដែលបានឧបត្ថម្ភគាំទ្រ និងតែងតែជួយកសាងសាលារៀនជាច្រើនដល់កម្ពុជា។ ការជួយរបស់អង្គការលើវិស័យអប់រំ និងវិស័យសង្គមកិច្ចនៅកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញពីឧត្តមភាព និងការទំនាក់ទំនងជាមួយគ្នាកាន់តែជិតសិទ្នបន្តទៅមុខទៀត។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា ក្រុមការងាររបស់ក្រសួងសង្គមកិច្ច រីករាយ ក្នុងការសហការបន្តទៀតជាមួយអង្គការ School Aid Japan ហើយយើងក៏នៅមានកិច្ចការងារដែលនឹងបន្តសហការគ្នា ទៀតនៅឆ្នាំបន្តបន្ទាប់ទៀត។
អគ្គនាយកអង្គការ School Aid Japan បានថ្លែងអរគុណដល់រដ្ឋមន្រ្តី វង សូត និងមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញមកចូលរួម នៅក្នុងជំនួបពិភាក្សា និងជួបសំណេះសំណាលនាពេលនេះ។
លោក វាតាណា មិគិ បានលើកឡើងថា អង្គការ School Aid Japan មានគោលដៅជួយដល់កុមារកម្ពុជា ជាពិសេសលើការអប់រំ។ តែកន្លងមក អង្គការរបស់លោក បានជួយដល់ការកសាងសាលារៀន និងមណ្ឌលកុមារកំព្រា ជាច្រើនរួមមកហើយ ការជួយកម្ពុជា នាពេលនេះ គឺចង់ឲ្យកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី ទទួលបានការរស់នៅ និងការអប់រំមួយប្រកបទៅដោយភាពល្អប្រសើរ។
អគ្គនាយកអង្គការរូបនេះ បានបន្ថែមថា កម្ពុជាជាប្រទេសមួយដែលមានអរិយធម៌ល្អ និងល្អផូរផង់ ដូចនេះ កុមារនៅកម្ពុជា ក៏ត្រូវតែមានការរីកចម្រើន និងការលូតលាស់ទៅបានល្អដូចគ្នា។ លោកបានបន្តថា អង្គការ School Aid Japan នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ តទៅមុខទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើវិស័យអប់រំ និងវិស័យសង្គមកិច្ច៕