(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ សមាជិកគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ ប្រជាជនកម្ពុជា ដែលនេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណា មកបំភ្លៃ ឬបំផ្លាញបានឡើយ, មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។
លោក រស់ ផារិទ្ធ បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ប្រារព្ធពិធីអង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅទីស្នាក់ការគណបក្សប្រជាជជនកម្ពុជា ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។
ក្នុងឱកាសនោះលោក រស់ ផារិទ្ធ បានអានជូនប្រជាពលរដ្ឋ សមាជិកសមាជិកាបក្សទាំងអស់នូវសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
លោកបានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលនេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណា មកបំភ្លៃ ឬបំផ្លាញបានឡើយ មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយថ្ងៃ ៧មករា បានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ យុទ្ធជនកម្ពុជា ដោយមានការគាំទ្រពីកងទ័ពវៀតណាម បានវាយដណ្តើមជោគជ័យ លើរបបប្រល័យពូជសាសន៍ខែ្មរក្រហម ហើយសូមស្មារតី ថ្ងៃ ៧មករា ស្ថិតស្ថេរជាអមតៈក្នុងបេះប្រជាពលរដ្ឋគ្រប់រូប។
លោក រស់ ផារិទ្ធ បានបញ្ជាក់បន្ថែមថា ៤០ឆ្នាំកន្លងមកនេះ គឺ៤០ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ។ ការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ ប្រកបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេច នូវគោលដៅដ៏ឧត្តុងឧត្តមមួយ គឺកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ នៅខេត្តស្វាយរៀងបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាស យ៉ាងច្រើនផ្តល់ការងារធ្វើ ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ អាចកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ បានមួយកំរិតផងដែរ។
លោក រស់ ផារិទ្ធ បានគូសបញ្ជាក់ថា ការរំដោះជាតិបានមកវិញ គឺជាវីរភាពគ្មានពីរ សំរាប់មេដឹកនាំ ដែលបានចូលរួម និងលះបង់គ្រប់យ៉ាងដើម្បីបុព្វហតុជាតិ ដ៏មហាធំធេង។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយថែរក្សាសុខសន្តិភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានស្ថិតស្ថេរគង់វង្សប្រកបដោយនិរន្តភាព សំរាប់អនាគតយូរអង្វែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕