(ក្រចេះ)៖ ក្រុមការងារ និងគណបក្សមូលដ្ឋានស្រុក-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅសួនកុមារ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បះ ខេត្តក្រចេះ បានការប្រារព្វពិធីរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ក្រោមអធិបតីភាពលោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារចុះជួយខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋចំនួនជាង២,៣០០នាក់ មកពីភូមិ ឃុំទាំងអស់ក្នុងខេត្តក្រចេះ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងស្រុកចូលរួមផងដែរ។
ពិធីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គី ល្អូកល្អឺន និងអធិកអធមក្រៃលែង ដែលដំណើរការទៅតាមកម្មវិធីសំខាន់ៗរួមមាន៖ ការត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារទាំងស្រុង នៃសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីន្ទិញរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា នារាជធានីភ្នំពេញ ដែលអានដោយលោក ពេជ្រ ប៊ុនធិន។
នៅក្នុងឱកាសនោះ លោក ពេជ្រ ប៊ុនធិន បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមការងារ និងគណបក្សស្រុក អាជ្ញាធរមូលដ្ឋានឃុំ ភូមិទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំប្រារព្វពិធីមីទ្ទិញរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលជាការសបញ្ជាក់នូវកម្លាំងសាមគ្គីរឹងមាំ និងការប្តេជ្ញាចិត្តឥតងាករេ និងបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
ពិសេសការគាំទ្រក្នុងជំនឿជឿជាក់ ដ៏មោះមុតរបស់អង្គមីទ្ទិញចំពោះសេចក្តីថ្លែងការណ៍នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលបានរំឮកមនុស្សគ្រប់ជំនាន់ ឲ្យចងចាំជានិច្ច មិនអាចបំភ្លេចបាននូវអតីតកាល នៃព្រឹត្តិការណ៍ជាសច្ចធម៌ប្រវត្តិសាស្ត្រ ពោរពេញដោយវីរភាព និងការតស៊ូលះបង់ ប្រកបដោយពលីកម្មខ្ពស់ឥតគណនា របស់ឥស្សរជន និងអ្នកស្នេហាជាតិកម្ពុជា ដើម្បីនាំមកនូវសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរជូនមាតុភូមិ និងប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបន្ដថា អង្គមីទ្ទិញ និងយុវវ័យជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិកម្ពុជាទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃនូវការចងចាំ សច្ចភាពប្រវត្តិសាស្ត្រ និងមេរៀនពិសោធន៍ នៃអតីតកាលទាំងអស់នេះ ទៅជាការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរក្សាការពារស្មារតីជ័យជម្នះ ៧មករា ឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕