(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានចុះឆែកឆេរត្រួតពិនិត្យសិប្បកម្មមួយកន្លែង នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា សិប្បកម្មនេះ គ្មានកាលបរិច្ឆេទ និងស្លាកយីហោមិនត្រឹមត្រូវតាមច្បាប់នៅកម្ពុជា។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានថ្លែងឲ្យដឹងខណៈកំពុងចុះត្រួតពិនិត្យនូវសិប្បកម្មនេះថា សិប្បកម្មផលិតតៅហ៊ួនេះគឺមានឈ្មោះ ជុង គួរ សៀង ហៃ ហើយបានផលិតនូវតៅហ៊ួមិនដាក់នូវកាលបរិច្ឆេទ និងស្លាកយីហោត្រឹមត្រូវដូចជាដាក់អក្សរចិននៅពីលើអក្សរខ្មែរជាដើម។
លោកបានបន្តថា ការចុះឆែកឆេរនេះ ក្រុមការងាររបស់លោកមិនបានធ្វើការឃាត់ខ្លួន ម្ចាស់សិប្បកម្មនោះទេ ប៉ុន្តែរគ្រាន់តែណែនាំដល់ម្ចាស់នេះ កែតម្រូវនៅស្លាកយីហោរបស់ខ្លួន ឲ្យបាន និងដាក់កាលបរិច្ឆេទផលិតផល និងផុតកំណត់ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់នៅប្រទេសកម្ពុជា ហើយប្រសិនបើធ្វើការណែនាំមួយដងហើយ ម្ចាស់នេះនៅតែមិនធ្វើតាមទេ នឹងត្រូវចាត់វិធានការណ៍ទៅតាមច្បាប់កម្ពុជាជាធរមាន។
លោកបានបន្តថា «ក្រោយពីឆែកឆេរ យើងបានប្រាប់ដល់ម្ចាស់សិប្បកម្មនេះ ឲ្យដាក់កាលបរិច្ឆេទ ទីតាំងអាស័យដ្ឋានកន្លែងផលិតឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យនៅក្នុងទីផ្សារនានា ដែលបានដាក់លក់នៅកម្ពុជា»។
ជាមួយគ្នានោះដែរ លោក គង់ វុទ្ធី ក៏បានអំពាវនាវដល់ម្ចាស់សិប្បកម្មផលិតផលផ្សេងៗ ត្រូវដាក់កាលបរិច្ឆេទផលិតផល និងកន្លែងផលិតរបស់ខ្លួន ឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ឲ្យបានមុន មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យនៅក្នុងឆ្នំា២០១៩នេះ។
លោកបញ្ជាក់ថា «ចំពោះសកម្មភាពទាំងនេះ គឺអនុវត្តន៍ទៅតាមការណែនាំរបស់ឯកឧត្តមប្រធានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ»៕