(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ និងបក្ខពួកម្នាក់ទៀត ត្រូវបានប្រជាពលរដ្ឋក្របួចជាប់ ហើយស្វាគមន៍ដោយដៃ និងជើង បណ្ដាលឲ្យបែកមាត់ និងក្ដោងច្រមុះ តែសំណាងល្អបានសមត្ថកិច្ចមកអន្តរាគមន៍ទាន់ពេល រួចនាំយកទៅសាកសួរ បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿង ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងទៀត ដែលមានសោរជាប់ស្រាប់បានសម្រេច ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចផ្ទះលេខ៣០៨ ក្នុងក្រុមទី៨ ភូមិបាក់ទូក សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។
អធិការនគរបាលខណ្ឌឫស្សីកែវ លោក គល់ យី បានបញ្ជាក់ថា ក្រោយពីបានរាយការណ៍ជូនលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញរួច ក្នុងការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៍ខ្មៅ+ស ពាក់សា្លកលេខភ្នំពេញ1FZ-0251 ដែលជិះធ្វើសកម្មភាព ក្នុងអំពើលួច ដើម្បីយកមកធ្វើការសាកសួរស្រាវជ្រាវ ឃើញថារូបគេ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក ZOOMER X សា្លកលេខភ្នំពេញ1FK-7647 ជាមួយបក្ខពួកម្នាក់ទៀត ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព នៅខណៈដែលជនរងគ្រោះ បានដឹកកូនប្រុសមកជជែកគ្នាលេងជាមួយឪពុក នៅខាងមុខផ្ទះកើតហេតុខាងលើ ដោយពុំបានដកសោរចេញពីម៉ូតូនោះទេ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សយ សុជាតិ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលថា្ងន់ សង្កាត់ទួលសងែ្កទី២ ខណ្ឧឬស្សីកែវ រកឃើញមានសារធាតុញៀនក្នុងខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ រាជ អាយុប្រហែលជា២០ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ និងជាអ្នកលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។ ឯជនរងគ្រោះឈ្មោះ កុយ ចនា្ថ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះ១៦៣G ក្រុម៧ ភូមិទួលថា្ងន់ សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ។
លោកអធិការបានឲ្យដឹងផងដែរថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ ក្នុងការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី សមត្ថកិច្ចបាននិងកំពុងតាមស្រាវជ្រាវស្វែងរកម៉ូតូរបស់ជនរងគ្រោះ និងចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕