(ភ្នំពេញ)៖ ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឬហៅថាភ្នំបូកគោ ត្រូវបានរៀបចំឱ្យហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ បម្រើដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាត្រូវបានរៀបចំឱ្យមានផលិតផលទេសចរណ៍ដែលមានស្រាប់ ឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងត្រូវបានបង្កើតឱ្យមានផលិតទេសចរណ៍ថ្មីជាច្រើនគួរឱ្យចង់ទស្សនា។
ថ្វីដ្បិតផ្លូវនៅតាមចង្កេះភ្នំ រាងបត់បែតច្រើនដំណាក់ក៏ពិតមែន ប៉ុន្តែមិនមែនជាឧបសគ្គនោះទេ សម្រាប់ការឡើងទៅទស្សនានៅលើភ្នំបូកគោ ឱ្យតែអ្នកតាំងស្មារតីប្រុងប្រយ័ត្នជានិច្ច លោកអ្នកនឹងឡើងទៅដល់ដើមកំពូលភ្នំបូកគោ ហើយនឹងបន្តប្រទះឃើញផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយទៀត នោះគឺរូបសំណាក់លោកយាម៉ៅដ៏ធំស្កឹមស្កៃ កំពុងអង្គុយពែនភ្នែនយ៉ាងម៉ឺងម៉ាត់ សម្លឹងទៅនាយមហាសាគរ ដែលនៅទីសក្ការបូជាដ៏ធំលើភ្នំបូកគោនេះ ភ្ញៀវទេសចរក៏អាចឈប់អុចធុបបួងសួងបន់ស្រន់ គោរពបូជាចំពោះលោកយាយម៉ៅ ឬអាចលំហែកម្សាន្តមួយសន្ទះទៀតក៏បាន មុនបន្តដំណើរឆ្ពោះទៅកន្លែងកម្សាន្តជាច្រើនទៀត។
បច្ចុប្បន្ននេះ នៅលើភ្នំបូកគោមានផលិតផលទេសចរណ៍ដ៏ទាក់ទាញសំខាន់ចំនួន៥ ដែលអាចឱ្យភ្ញៀវទេសចរអាចទៅទស្សនា មានដូចជាកន្លែងវប្បធម៌ សំណង់បុរាណ ទីអារាម ទីសក្ការបូជា វាលស្រែមួយរយ វាលផ្កាបំណង់ក្រឡោម បឹងធម្មជាតិនៅលើភ្នំ កន្លែងកម្សាន្តនៅសណ្ឋាគារ វិហារគ្រិស្តសាសនា វិហារចិនជាដើម។ នេះបើតាមលោក សយ ស៊ីណល់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈថា ការចូលទស្សនាឧទ្យានជាតិព្រះមុនីវង្សបូកគោ និងរមណីយដ្ឋានឋានសួគ៌បូកគៅ លែងតម្រូវឱ្យបង់ប្រាក់តទៀតហើយ។
សូមជម្រាបថា ភ្នំបូកគោ ដែលក្រោយមកត្រូវបានបង្កើតជាឧទ្យានជាតិព្រះមុនីវង្សបូកគោនោះ ត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩១៦ ដោយជនជាតិបារាំងម្នាក់ឈ្មោះ រូលួស និងត្រូវបានអភិវឌ្ឍន៍ទៅជាកន្លែងសម្រាកលំហែកាយដ៏ពេញនិយមមួយ នាសម័យអាណានិគមនិយមបារាំង ពោលគឺក្នុងរជ្ជកាលហ្លួងព្រះស៊ីសុវត្ថិ។
លុះដល់ឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជាដែលកើតឡើងពីការបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ បានប្រកាសដាក់តំបន់ភ្នំបូកគោកជាឧទ្យានជាតិមួយឈ្មោះថា «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» ហើយនៅឆ្នាំ១៩៩៧ ទើបមានការបើកឱ្យភ្ញៀវទេសចរចូលទៅលេងកម្សាន្តសារជាថ្មី៕