(ព្រះសីហនុ)៖ រថភ្លើងTramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ិក នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ បានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។ រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធអ៊ីនធឺណិត Wifi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ និងរត់បានល្បឿនលឿនដោយចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឱ្យដំណើរការ រថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ដែលជា ទូទៅមួយថ្ងៃ រថភ្លើងនេះរត់បានជាមធ្យម ២០ជើង៕