(ព្រះវិហារ)៖ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានបន្ដកិច្ចប្រជុំរួមគ្នាមួយនៅច្រកព្រំដែនអានសេះ ដើម្បីជំរុញដំណើរការបើកច្រកតំបន់មួយនេះ ទៅជាច្រកទ្វារអន្ដរជាតិអានសេះ ដែលស្ថិតក្នុងខេត្តព្រះវិហារ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកនេះ ភាគីយោធាថៃ និងកម្ពុជា បើកកិច្ចប្រជុំមួយនៅចំណុចច្រកព្រំដែនអានសេះ ស្តីពីការកដំណោះស្រាយក្នុងកាជំរុញច្រកតំបន់អានសេះ ឲ្យទៅជាច្រកអន្តរជាតិ។
បើតាមលោកអភិបាលស្រុកជាំក្សាន្ដ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធានគណៈបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។
សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានក្រុមការងារដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែននេះ មាននាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន៕