(កូរ៉េ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (National Tax Service of the Republic of Korea) ក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក លឹម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក HAN SUNG HEE អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅទីស្នាក់ការពន្ធដារប្រចាំរាជធានី សេអ៊ូល របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (NTS) ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េ។
គួររំលឹកផងដែរថា លោក SUNG HEE HAN ធ្លាប់បានដឹកនាំគណប្រតិភូពន្ធដារកូរ៉េមកទស្សនកិច្ចផ្លូវការ មកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា កាលពីអំឡុងថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០១៨ ដែលពេលនោះភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋបាលសារពើពន្ធ (The Strengthening of Relationship between the Two Countries through Cooperation in Tax Administration)។
បន្ថែមពីលើនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំ SGATAR លើកទី៤៨ នៅទីក្រុងហ័ងចូវ សាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានជួបប្រជុំទ្វេភាគីកម្ពុជា-កូរ៉េ ដោយបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងការអនុវត្តអនុសារណៈ នៃការយោគយល់គ្នានៃរដ្ឋបាលសារពើពន្ធ នៃប្រទេសទាំងពីរ ហើយលោក SUNG HEE HAN អគ្គនាយកនៃរដ្ឋបាលសារពើពន្ធកូរ៉េ បានអញ្ជើញលោក គង់ វិបុល ដោយផ្ទាល់មាត់ដើម្បីដឹកនាំគណប្រតិភូពន្ធដារកម្ពុជា មកធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសថ្ងៃនេះ លោក HAN SUNG HEE បានបង្ហាញនូវក្តីសោមនស្សរីករាយ ស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក គង់ វិបុល និងគណប្រតិភូពន្ធដារក្នុងការបំពេញទស្សនកិច្ចសិក្សាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋបាលសារពើពន្ធ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។
ជាការឆ្លើយតប លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះ លោក SUNG HEE HAN និងថ្នាក់ដឹកនាំសម្រាប់កិច្ចបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំក្រុមការងារមន្ត្រីពន្ធដារជំនាញ ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះ លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់នូវការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល (RMS 2014-2018) ដោយសម្រេចបាននូវភាពជោគជ័យ នៃការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារ ដែលក្នុងនោះក្នុងរយៈពេល ០៦ឆ្នាំចុងក្រោយនេះ គឺលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ តែងតែសម្រេចបានគ្រប់ និងលើសផែនការច្បាប់កំណត់។ សម្រាប់ជាផែនការបន្តក្នុងរយៈពេល០៥ឆ្នាំបន្តទៅមុខ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូល RMS 2019-2023 របស់រាជរដ្ឋាភិបាល ដែលក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារត្រូវបន្តកំណែទម្រង់ និងធ្វើទំនើបកម្មពន្ធដារបន្ថែមទៀត។
លោកបន្តថាដំណើរទស្សនកិច្ចមកកូរ៉េនាពេលនេះ គឺដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងរៀនសូត្របន្ថែមទៀតពីរដ្ឋបាលសារពើពន្ធរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឈានទៅរៀបចំប្រព័ន្ធ និងគោលនយោបាយពន្ធ ព្រមទាំងការបន្តធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដែលក្នុងនោះមានការដាក់ឱ្យអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវ e-filing, និងការដាក់ឲ្យអនុវត្តនូវការបង្វិលសងអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអេឡិចត្រូនិក (e-refund) របស់អគ្គនាយកដ្ឋានពន្ធដារជាដើម។
ភាគីទាំងពីបានឯកភាពគ្នា ក្នុងការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគី និងបន្តអនុវត្តឱ្យបានពេញលេញនូវ អនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងផ្តល់សេវាជូនអ្នកជាប់ពន្ធ ដើម្បីឱ្យកាន់តែស្វែងយល់ ច្បាស់បន្ថែមទៀតអំពីប្រព័ន្ធពន្ធដារកម្ពុជា ក្នុងគោលដៅពង្រឹងអនុលោមភាពពន្ធ និងផ្តល់នូវយន្តការសម្រាប់ដោះស្រាយនូវបញ្ហាប្រឈម ផ្នែកពន្ធដារនានា ជាពិសេសបង្កបរិយាកាសពន្ធដារមួយដែលទំនើប ងាយស្រួលក្នុងការបង់ពន្ធ និងល្អប្រសើរសម្រាប់ការប្រកួតប្រជែងដោយស្មើរភាព ដែលផ្តល់ឱកាសនិងជំរុញការវិនិយោគនៅកម្ពុជា៕