មន្ត្រីកាំកុងត្រូលប្រមូលបន្លែ និងផ្លែឈើចម្រុះ នាំចេញពីថៃ ដើម្បីស្វែងរកសារធាតុគីមី ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្ស (Video inside)
08-01-2019 20:12
(បន្ទាយមានជ័យ)៖ នៅព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា បានដាក់ផែនការតឹងបន្តឹង ការនាំយកមុខម្ហូបអាហារ សាច់ស្រស់ បន្លែស្រស់ និងផ្លែឈើស្រស់នាំចេញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ថា បានបង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញនាំចូលតាមច្រកសំខាន់ៗក្នុងខេត្ត ដោយបានយកគំរូបន្លែ និងផ្លែឈើមួយចំនួន មកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូចផងដែរ។ លទ្ធផល នៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីនៅលើទំនិញទាំងនោះឡើយ។
លោកប្រធានបន្តថា ថ្នាំពុល (គីមី) ទាំងអស់នោះអាចឲ្យប៉ះពាល់ដោយផ្ទាល់ ដល់កសិករផ្ទាល់ ដូចជា ធ្វើឲ្យវិលមុខ ធេងធោង ក្អួតចង្អោរ ខូចក្រពះ តម្រងនោម ជំងឺសើស្បែក និងធ្វើឲ្យសុខភាពចុះខ្សោយជាដើម ហើយវាក៏អាចប៉ះពាល់ដោយប្រយោលចំពោះអ្នកទទួលទានផងដែរ ជាពិសេស គឺប្រភេទថ្នាំពុលគីមីដែលអាចជ្រៀតចូលទៅក្នុងបន្លែ និងផ្លែឈើ។
ផលប៉ះពាល់ចំពោះកសិករ អ្នកដាំដុះផ្ទាល់អាចមានជំងឺរ៉ាំរ៉ៃ នៅពេលប៉ះពាល់ជាមួយថ្នាំពុល។ ចំណែកហូបអាចបណ្តាលឲ្យក្អួត ឬដល់ថ្នាក់សន្លប់ បើសុខភាពខ្សោយ។
មន្ត្រីកាំកុងត្រូលខេត្ត បានប្រមូលបន្លែ ផ្លែឈើ រួមមាន៖ អំពិលទំ, ស្ពៃក្តោប, ផ្លែប៉េងប៉ោម, ក្រូចខ្វិត, ផ្លែពុទ្រា, ផ្លែមាន, ផ្លែប៉ោម, ផ្លែទំពាំងបាយជូ, ផ្លែជម្ពូ, ផ្លែសារី, ម៉ើមខ្ចី, ផ្លែប៉េងបោមទុំ, ដើមខាត់ណា, ផ្លែត្រសល់ និងផ្លែននោង៕