(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ពីភាពរអាក់រអួល ក្នុងរយៈពេលចុងក្រោយនេះ លើការប្រតិបត្តិការសម្អាត ប្រមូលសំរាម និងដឹកជញ្ជូនសំរាម ដែលធ្វើឲ្យបងប្អូនសាធារណជនមានការងឿងឆ្ងល់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ក្រុមហ៊ុនស៊ីនទ្រី បានបង្ហាញហេតុផលធំៗចំនួន២រួមមាន៖
*ទី១៖ បញ្ហាបាតុកម្មទាមទារដំឡើងប្រាក់បៀវត្ស ពីសំណាក់កម្មករកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
*ទី២៖ បញ្ហាបាតុកម្មបិទផ្លូវញឹកញាប់នៅផ្លូវ២១៧ ដែលជាផ្លូវតែមួយគត់សម្រាប់រថយន្តដឹកសំរាមធ្វើចរាចរណ៍ ដឹកជញ្ជូនសំរាមយកទៅចាក់នៅទីលានចាក់សំរាមដង្កោ។ ម្យ៉ាងទៀតផ្លូវសំរាប់ចូលទៅទីលានចាក់សំរាម មានច្រកចេញ-ចូលតែមួយ (ផ្លូវតែមួយ) ទើបធ្វើឲ្យដំណើរការដឹកជញ្ជូនសំរាម មានការយឺតយ៉ាវ។
ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីនទ្រី ក៏សុំការអធ្រាស្រ័យចំពោះការរអាក់រអួលនេះ ហើយក្រុមហ៊ុនក៏សូមសំណូមពរដល់សាធារណជនទាំងអស់ មេត្តាជួយវិចខ្ចប់សំរាមរបស់ខ្លួនឲ្យរបៀបរៀបរយ ដើម្បីជួយពន្លឿន ក្នុងប្រតិបត្តិការប្រមូល និងដឹកជញ្ជូនសំរាម ដើម្បីថែរក្សា អនាម័យបរិស្ថាន ក្នុងរាជធានីភ្នំពេញរបស់យើង។
សូមបញ្ជាក់ថា ការតវ៉ារបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី រឿងផ្ទុះការតវ៉ាសុំតម្លើងប្រាក់ខែ ត្រូវបានដោះស្រាយបញ្ចប់ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីថៅកែក្រុមហ៊ុន សម្រេចតម្លើងបន្ថែមប្រាក់ខែ ឲ្យកម្មករក្នុង១នាក់៩ដុល្លារ ដោយការតម្លើងនេះ នឹងអនុវត្ដចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ មុនពេលដោះស្រាយបញ្ចប់បញ្ហានេះ ក្រុមកម្មករប្រមូលសំរាម បានផ្អាកសកម្មភាព រហូតធ្វើឲ្យសំរាមនៅគរពេញផ្លូវ និងនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ រហូតមានអាជ្ញាធរទាំង១២ខណ្ឌ បានបញ្ចេញកម្លាំងប្រជាការពារចេញដឹកសំរាមដោយខ្លួនឯង៕