(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៨ ខែមករានេះវបានអនុញ្ញាតឱ្យ លោក Ho Ren Hua នាយកក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោកនាយកក្រុមហ៊ុន បានជម្រាបជូន លោករដ្ឋមន្រ្តី ថាក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃ និងបានបោះទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្រុមហ៊ុនបានទទួលគោលការណ៍បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាំងពីចុងឆ្នាំ២០១៧ មកម៉្លេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤០០០០ ទៅ ៥០០០០តោន និងបង្កើនការកែច្នៃរហូតដល់ ២០០ ០០០តោន នៅពេលអនាគត។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោងបង្កើតចម្ការ និងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ ០០០ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយខ្លួនឯងដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់។
នាឱកាសនោះលោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសាទរចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា ហើយ លោករដ្ឋមន្រ្តី ក៏សូមគាំទ្រដល់ការបង្កើតចម្ការ និងដាំដំឡូងមីនៅកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី បានណែនាំក្រុមហ៊ុនឱ្យអនុវត្តនូវផលិតកម្មតាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យក៏មានសក្តានុពលសម្រាប់ដំណាំនេះផងដែរ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុន បន្តសហការជាមួយមន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សាពីនីតិវិធីនានាក្នុងការគាំទ្រដល់ការវិនិយោគនេះទទួលបានជោគជ័យ៕