(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ នឹងបញ្ជូនកងទ័ពមួកខៀវប្តូរវេនរបស់ខ្លួនចំនួន១៨៤នាក់ (ស្រី១៣នាក់) ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ លើផ្នែកបោសសំអាតមីន បោះបង្គោលព្រំដែន និងសាងសង់សំណង់ដេក សំណង់បញ្ឈរជាច្រើនទៀត។ នេះបើតាមកញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។
កញ្ញា កុសល ម៉ាលីនដា បានថ្លែយ៉ាងដូច្នេះថា៖ «កម្ពុជាបញ្ជូនទ័ពមួកខៀវ ១៨៤នាក់ កងលេខ៦៩៣ ទៅលីបង់ ស្រី១៣នាក់ ប្តូរវេន កម្មវិធីបញ្ជូនធ្វើនៅកំពង់ស្ពឺ ហើយឡើងយន្តហោះនៅព្រលាន (ទ័ពអាកាស) ដដែល»។
ពិធីសំណេះសំណាល និងជូនដំណើរនេះ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅសាលាហ្វឹកហ្វឺនពហុសាសន៍ ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណជាង៥៧៨៣នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន២៧៧ នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនប្រមាណ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋ, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ ក្នុងតំបន់អាស៊ាន៕