(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ រួមដំណើរដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធផងនោះ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ បានទទួលយកនូវទេយ្យវត្ថុ មានជាបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ពីព្រះតេជគុណ រតនវិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម ក្រោមការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជួយសង្គ្រោះតាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ និងគ្រឿងឧបភោគ បរិភោគខាងលើនេះ លោក ជា ពិសី បានសន្យាបន្តពាំនាំយកនូវទេយ្យវត្ថុ ដែលទទួលបានការឧបត្ថម្ភពីព្រះតេជគុណ រតនវិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លើសពីនេះ លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះតេជគណ ព្រះចៅអធិការវត្តទួលសុវណ្ណរាម ដោយបានផ្ដល់នូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្រាប់ទេយ្យវត្ថុរួមមាន៖ ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន៦០យួរ, ស្ករស០២បាវ, អង្ករជាង១តោន, ត្រីខ៦០យួរ, ទឹកដោះគោខាប់ ០២បាវ, មី៦០កេស, បាឡុង០២សម្រាប់និងបច្ច័យ ចំនួន២,០០០,០០០ រៀល (ពីរលានរៀល)៕