(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង មន្ត្រីរាជការចំនួន១៧រូប នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីលោក សួគ៌ ច័ន្ទតារា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានដីកាតែងតាំងរួចមក លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងជំនាញទាំងអស់ ដែលបានខិតខំរួបរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា ក្នុងទឹកដីខេត្តកំពង់ធំ សម្រេចបាននូវលទ្ធផលការងារ យ៉ាងល្អប្រសើរ។

លោកថា ទោះបីជាកម្លំាងជំនាញ នាំគ្នាទប់ស្កាត់ដូចភ្លៀងរលឹមក៏ដោយ នៅតែមិនទាន់ទប់ស្កាត់បទល្មើសទាំងនោះ បានទាំងស្រុងដែរ ដូច្នេះសូមមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំធ្វើការងារនេះបន្តទៀត ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះដែរ លោក​​ សុខ លូ បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំស្វែងយល់ អំពីកំណែទម្រង់ថ្មី នៃមន្ត្រីរាជការស៉ីវិល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវខិតខំអនុវត្តន៍នូវតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ។

លោក ឈុន ឈន់ បានស្នើសុំដល់មន្ត្រីចាស់ និងមន្ត្រីដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវខិតបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក អ៉ឹម សារឿន ដែលទើបទទួលបានមុខតំណែងថ្មី ជាប្រធានការិយាល័យប្រជាពលរដ្ឋ តំណាងឲ្យមន្ត្រីទាំង១៧រូប បានប្តេជ្ញាចិត្ត ដើម្បីជាការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានសម្រេចផ្តល់នូវការទុកចិត្ត ចំពោះខ្លួនលោក។

លោកប្តេជ្ញាបន្តថា នឹងខិតខំអនុវត្តន៍ការងារជូនប្រទេសជាតិ និងអនុវត្តន៍ការងារ តាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ហើយប្តេជ្ញារក្សានូវភាពសាមគ្គី សហការជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដោយមិនរើសអើងឡើយ៕