(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញតាំងពិព័រណ៍ក្នុងពិធីបុណ្យជាតិ ៧ មករា នៅផ្សាររាត្រីកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
តែយ៉ាងណានោះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយការត្រួតពិនិត្យ ពុំឃើញមានទំនិញខូចគុណភាព និងមានសារធាតុគីមីឡើយ។
លោក ស៊ាន ស៊ីណាត បានបន្តទៀតថា ក្នុងឱកាសនោះ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗដាក់ដាច់ដោយឡែកៗពីគ្នា។
ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ។
សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីរសៀលម្សិលមិញ បានសម្ពោធ បើកឲ្យដំណើរការជាផ្លូវការហើយ នៃការតាំងពិព័រណ៍ជិត២០០ស្តង់ នៅក្រោយមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីអបអរទិវាបុណ្យជាតិ៧មករាផង និងដើម្បីបង្ហាញអំពីសក្តានុពល ទាំងអស់របស់ខេត្តកំពង់ចាមផងដែរ។
ក្នុងនោះមន្ទីរព័ត៌មានខេត្ត បានដាក់តាំងនូវរូបថតថ្នាក់ដឹកនាំមន្ទីរជំនាន់មុន ដើម្បីរំលឹកដល់ស្នាដៃរបស់ពួកគាត់ ខណៈដែលពួកគាត់បានចូលនិវត្តន៍ និងអ្នកបាត់បង់ជីវិត។ ដោយឡែក មន្ទីរព័ត៌មានក៏បានដាក់តាំង សម្ភារប្រើប្រាស់ចាស់ៗ សម្រាប់ធ្វើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយនេះដែរ។
តាមមន្ត្រីសាលាខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរទិវាបុណ្យខួបលើកទី៤០ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតឱ្យមានព្រិតិ្ដការណ៍ដ៏ធំមួយ គឺការដាក់តាំងពិព័រណ៍សមិទ្ធផល និងផលិតផលគ្រប់ប្រភេទចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃ១០ ខែមករាឆ្នាំ២០១៩ ដើម្បីឱ្យប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តសប្បាយ និងអាចទិញផលិតផលផងដែរ។
បើតាមមន្ត្រីសាលាខត្ត ការដាក់តាំពិព័រណ៍សមិទ្ធផល និងផលិតផល នៅឆ្នាំនេះ គឺរៀបចំជាទ្រង់ទ្រាយធំ ជាងបណ្តាឆ្នាំមុនៗ ដែលមានអ្នកចូលរួម ដាក់តាំងពិព័រណ៍គ្រប់ប្រភេទ ជិត២០០ស្តង់ ក្នុងនោះការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផលរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុកទាំង១០ មានចំនួន៣៨ស្តង់ និងសម្រាប់បង្ហាញពីផលិតផលខ្មែរ មានចំនួន៥៨ស្តង់ ព្រមទាំងផលិតផលគ្រប់ប្រភេទ មានចំនួន៧០ស្តង់។
មន្ត្រីដដែលបន្តថា ការដាក់តាំពិព័រណ៍នេះឃើញថា មានប្រជាពលរដ្ឋ មកទស្សនាកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ និងទិញផលិតផលតាមតម្រូវការ ក្នុងខណៈប្រទេសជាតិយើង កំពុងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋរស់នៅ ដោយសុខដុមរមនា និងមានការអភិវឌ្ឍន រីកចម្រើនលើគ្រប់វិស័យ៕