Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល ចុះអង្កេតទំនិញនៅផ្សាររីករាយ និងផ្សារឈូកមាស តែរកមិនឃើញទំនិញណាមួយមានសារធាតុគីមីហាមឃាត់ឡើយ

08-01-2019 16:58

(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សាររីករាយ និងផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាចំណីអាហារប្រចាំថ្ងៃដែលសង្ស័យថា អាចមានហានិភ័យខ្ពស់ ចំនួន៣១គំរូ ដែលរួមមាន៖ សណ្តែកបណ្តុះ សាច់ក្រក ត្រីប្រាសំយ៉ុង ត្រីងៀត ប្រហិតសាច់គោ ប្រហិតត្រី សរសៃគុយទាវ មី នំបញ្ចុក បាញ់កាញ់ លត ផ្អក ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ បង្អែមបាញ់ឌុក ចាហ៊ួយខ្មៅ។ល។ ត្រូវបានយកមកពិនិត្យ វិភាគរកសារធាតុគីមី ហាមឃាត់នៅនឹងកន្លែង។ ជាលទ្ធផលទំនិញដែលបាន ពិនិត្យទាំង៣១គំរូនេះ គឺមានអនុលោមភាពសុវត្ថិភាពទាំងអស់។

ដោយឡែក ចំពោះការប្រចាំការនៅផ្សារជម្ពូវ័ន មន្រ្តីកាំកុងត្រូលសហការជាមួយគណៈកម្មការផ្សារ បានពិនិត្យឃើញមានតៅហ៊ូពងមាន់ ចំនួន ៣១ដុំ ស្មើនឹង ៣.៤១គីឡូក្រាម ពុំមានអនុលោមភាព គ្មានថ្ងែខែឆ្នាំផលិត គ្មានអាស័យដ្ឋានផលិត ។ល។ ហើយត្រូវបានមន្រ្តីប្រចាំការធ្វើកំណត់ហេតុដក និងកំទេចចោលនៅនឹងកន្លែង ដោយមានការយល់ព្រមពីម្ចាស់ទំនិញ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster សំណូមពរដល់អ្នកផលិត ក៏ដូចជាអ្នកលក់ដូរចំណីអាហារទាំងឡាយ សូមចូលរួមរក្សា អនាម័យឲ្យបានល្អ សូមកុំផលិត ចែកចាយ ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ចំពោះការអង្កេតលើតម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងខណ្ឌសែនសុខវិញ គឺសមស្របទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម សំរាប់អនុវត្តពីថ្ងៃទី០១ ដល់១៥ ខែមករា ឆ្នាំ២០១៩ ដោយប្រេងសាំងធម្មតា មានតម្លៃមិនលើសពី ៣,២០០៛/លីត្រ និងប្រេងម៉ាស៊ូត មានតម្លៃមិនលើសពី ៣,២០០៛/លីត្រឡើយ៕