(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ ស្តីពី «ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព» ដោយមានការអញ្ជើញចូលរួមពីតំណាងវិស័យឯកជន, សមាគមនានានៃសហគ្រាសធុនតូច និងមធ្យម, តំណាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន សរុបប្រមាណ១៨០នាក់។

ការរៀបចំសិក្ខាសាលានេះ គឺមានគោលបំណងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យមបានជ្រាបជាព័ត៌មាន និងអាចចាប់យកនូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ ចេញនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាចលករមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច, បង្កើតការងារបន្ថែម និង បង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។

ស្របជាមួយនេះ, រាជរដ្ឋាភិបាលបានរៀបចំបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ, ធនាគារសហគ្រាសធុនតូច និងមធ្យម, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាពផងដែរ។

វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន៖

១៖ ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម។
២៖ ផលិត និងកែច្នៃម្ហូបអាហារ។
៣៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
៤៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៥៖ ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។

៦៖ សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។

សូមបញ្ជាក់ថា វិស័យអាទិភាពទាំងនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន នោះទេ ។

សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យដូចបានរៀបរាប់ខាងលើអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖

១៖ លើកលែងពន្ធលើប្រាក់ចំណូលចំនួន៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។

២៖ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖ ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)។

៣៖ លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ។

៤៖ លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖ ក៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន, ខ៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត, និងគ៖ អនុញ្ញាតកាត់កងចំណាយ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។

ក្នុងការទទួលបានការលើកទឹកចិត្តដូចបានរៀបរាប់ខាងលើ, សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។ ផ្ទុយទៅវិញ សហគ្រាសធុនតូច និងមធ្យម ដែលមិនបានបំពេញលក្ខខណ្ឌដូចបានកំណត់ នៅក្នុងអនុក្រឹត្យនេះ ឬខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនានា ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តដែលបានផ្តល់ជូន នឹងត្រូវបានដកហូតវិញ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះការផ្តល់ធាតុចូលល្អៗបន្ថែមទៀតសម្រាប់ជាការគិតគូរបន្ត ព្រមទាំងបានស្នើឱ្យវិស័យឯកជន, សមាគមនានានៃសហគ្រាសធុនតូច និងមធ្យម និង ភាគីពាក់ព័ន្ធ ធ្វើការស្វែងយល់ និង ជួយផ្សព្វផ្សាយបន្តអំពីគោលនយោបាយលើកទឹកចិត្តនេះ ដើម្បីឱ្យសហគ្រាសប្រភេទតូច និងធម្យមទាំងអស់ មានឱកាសចាប់យកអត្ថប្រយោជន៍ដូចមានចែងនៅក្នុងអនុក្រឹត្យខាងលើ ឱ្យបានជាអតិបរិមា៕