(ត្បូងឃ្មុំ)៖ គណៈកម្មការអន្តរក្រសួង-ស្ថាប័ន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដឹកនាំដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យគម្រោងស្នើសុំវិនិយោគកែច្នៃផ្លែឈើ ដំណាប់ស្វាយមួយកន្លែង របស់ក្រុមហ៊ុន LBN Agriculture Co., Ltd ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃុំ។
បើតាមបណ្ដាញសង្គម Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងកែច្នៃផ្លែឈើបង្កើតជាដំណាប់ស្វាយរបស់ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលបច្ចុប្បន្ននេះ បាននិងកំពុងចូលរួមចំណែកដល់ការកែច្នៃផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិន និងចូលរួមជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឲ្យសម្រេចបានជោគជ័យផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន LBN Agriculture Co., Ltd បាននិងកំពុងធ្វើការកែច្នៃផលិតជាដំណាប់ស្វាយ សម្រាប់នាំចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិន ហើយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនមានតម្រូវការស្វាយស្រស់ប្រមាណជាង ២០តោនក្នុងមួយថ្ងៃ សម្រាប់យកមកធ្វើជាដំណាប់ស្វាយ ហើយផ្លែស្វាយដែលត្រូវបានប្រមូលទិញពីតំបន់នានាក្នុងខេត្តត្បូងឃ្មុំ, កំពង់ចាម, និងកំពង់ស្ពឺ។
គម្រោងវិនិយោគនេះដែរ បានបង្កើតការងារជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនប្រមាណជាង ៤០០នាក់ ដែលក្នុងនោះចំនួនប្រមាណ ៩០% ជាស្រ្តី។ ក្រៅពីដំណាប់ស្វាយ ក្រុមហ៊ុនក៏មានគម្រោងផលិតគ្រាប់ស្វាយចន្ទី និងដំណាប់ផ្លែក្រូចវល្លិ៍ (Passion Fruit) នៅជំហានបន្ទាប់ផងដែរ៕