(ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រផលិតកាបូប និងរោងកាត់ដេរសម្លៀកបំពាក់ថ្មីចំនួន៣គ្រោងទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការនៅកម្ពុជា សរុបទុនវិនិយោគជាង២០លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីជូនពលរដ្ឋខ្មែររាប់ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC ដែលចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
២៖ THE SOUL GEAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ១៤,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៩០៤កន្លែង។
៣៖ JIE RUI FENG (CAMBODIA) LEATHER CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩០កន្លែង៕